នៅមិនយូរប៉ុន្មានឡើយ ពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរនឹងចូលមកដល់ ពោលគឺនៅខែវិច្ឆកាខាងមុខនេះតែម្តង ខណៈក្រុមកីឡាទូកងចំណុះឲ្យបញ្ជាការដ្ឋានទ័ពទឹកនាព្រឹកថ្ងៃទី៩ ខែតុលានេះ ចាប់ផ្តើមទម្លាក់ទូកដើម្បីហ្វឹកហាត់នៅលើផ្ទៃទឹកផ្ទាល់តែម្តង ។

យ៉ាងណាមិញ កាលពីចុងសប្ភាហ៍កន្លងទៅឯកឧត្តម ឧត្តម នាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាង ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលបំពាក់បំប៉នបើកវគ្គហ្វឹកហាត់ផ្ទាល់ផងដែរ ។ 

តាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ឧត្តមនាវីទោ ចាយ ស៊ីជឿន សេនាធិការរង ទទួលបន្ទុកកីឡាកងទ័ពជើងទឹក បានមានប្រសាសន៍ឱ្យដឹងថា ការបំពាក់បំប៉នកីឡាករកីឡាការិនីទូក ង ដែលជាកម្លាំងស្នូលនៃកីឡាកងទ័ពជើងទឹកត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បុណ្យប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាខែ វិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខនេះ គឺជាការហ្វឹកហាត់ពង្រឹងសមត្ថភាពមួយដើម្បីឱ្យកីឡាករកីឡាការិនីមានលទ្ធភាពគ្រប់គ្រាន់ ទាំងកម្លាំងកាយ និងបច្ចេកទេស ត្រៀមដណ្តើមយកជ័យជំនះមកជូនអង្គភាព ។

សូមបញ្ជាក់ថា ទូកងឈ្មោះ ទៀវិញនាគសែនជ័យរស្មីចន្ទ្រា តំណាងឲ្យបញ្ជាការដ្ឋានទ័ពជើងទឹក នឹងចូលរួមប្រណាំងនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ១៥ និង១៦ ខែវិច្ឆកា ឆ្នាំ២០២៤ ខាងមុខនេះ ៕