រាជធានីភ្នំពេញ ៖ 

បុរសជនជាតិចិនម្នាក់ ហៅតាក់ស៊ីជិះចេញពីក្លឹបកំសាន្តមួយកន្លែង ត្រលប់ទៅផ្ទះវិញ លុះដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែរករឿងឈ្លោះជាមួយស្រីស្នេហ៍ និងវាយបំបែកកញ្ចក់រថយន្ត ហើយចុះទៅដេញវាយប្រជាពលរដ្ឋ ដែលឈរមើល ដផ្អើលពេញដងផ្លូវ ៦០ម៉ែត្រ  ។ ហេតុការណ៍នេះផងដែរ បានកើតឡើងនៅវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅផ្លូវ៦០ម៉ែត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ។ 

តាមប្រភពព័ត៌មានពីបុរសជាអ្នករត់តាក់ស៊ី បានឲ្យដឹងថារូបគាត់ត្រូវបានភ្ញៀវជនជាតិចិនប្រុសស្រី២នាក់ ហៅឲ្យដឹកចេញពីក្លឹបកម្សាន្តមួយកន្លែងម្តុំផ្លូវត្រសក់ផ្អែម គោលបំណងទៅបុរីមួយកន្លែងម្តុំបឹងជើងឯកខណ្ឌដង្កោ ដោយបើកធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ។ លុះមកដល់ពាក់កណ្ដាលផ្លូវ មិនថាអ្នកទាំង២ មានបញ្ហាអ្វីនោះទេ ក៏បានឈ្លោះប្រកែកក្នុងរថយន្ត ។ ពេលនោះ នារីជាសង្សារបានឲ្យគាត់ឈប់រថយន្ត រួចបានចុះចេញទៅបាត់ ដោយបន្សល់ទុកបុរសជនជាតិចិនជាសង្សារ ក្នុងស្ថានភាពស្រវឹង ស្រេកឡូឡារករឿងអ្នកបើកតាក់ស៊ី ហើយ ក៏បានប្រើអំពើហិង្សាវាយបំបែកកញ្ចក់ទ្វារក្រោយចំហៀងខាងឆ្វេងរបស់រថយន្ត បណ្ដាលឲ្យបែក ។ 

បន្ទាប់ពីវាយកញ្ចក់រថយន្តហើយ  បុរសជនជាតិរូបនោះបានដើរទៅរករឿងប្រជាពលរដ្ឋដែលឈរមើលហេតុការណ៍ បណ្តាលឲ្យបុរសជាខ្មែរម្នាក់រងរបួសស្រាល  ហើយមិនតែប៉ុណ្ណោះ បានដើរទៅដេកលើសួនផ្កាដែលពលរដ្ឋតាំងលក់ បណ្ដាលឲ្យខូចខាតអស់ផ្កាមួយចំនួន ថែមទៀតផង  ។ ពាក់ព័ន្ធហេតុការណ៍នេះផងដែរ ក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ ចុះទៅដល់ដែរ តែបានត្រឹមតែឈរមើលប៉ុណ្ណោះ  ដោយសារតែនិយាយគ្នាស្តាប់មិនបាន ។ 

ក្រោយពេលកើតហេតុ ក៏មានតំណាងភាគីរបស់ជនជាតិចិន មកសម្របសម្រួលជាមួយខាងភាគីរងគ្រោះ តែម្តងទៅ ដោយសងសំនងបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕