កាលពីថ្ងៃទី 10 ខែតុលា ឆ្នាំ 2024 ម៉ោងប្រហែលជា 4 ទៀបភ្លឺ មានគ្រោះថា្នក់ចរាចរណ៍មួយបានកើតឡើងរវាងឡាននិងម៉ូតូមួយគ្រឿង នៅលើស្ពានអាកាសមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ។ ជនបង្កហេតុដែលបានបើកឡានបុកម៉ូតូមានគ្នា 3 នាក់ដែលជាបងប្អូននឹងគ្នានេះ គឺបង្កដោយលោក ទិក ឈីរ៉ូ តារាចម្រៀងដ៏ល្បីប្រចាំប្រទេសថៃ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឱ្យស្ត្រីម្នាក់ដែលបងស្រីច្បងបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ និងបុរសម្នាក់ដែលជាប្អូនពៅបានរបួសម្នាក់យ៉ាងធ្ងន់ធ្ងរដោយការធ្លាក់ពីលើស្ពានអាកាសកម្ពស់ប្រហែលជា 10 ម៉ែត្រ ចំណែកឯស្ត្រីម្នាក់ទៀតដែលជាប្អូនស្រីទីពីរមានសុវត្ថិភាព។ តាមរយៈការផ្តល់ដំណឹងពីស្ត្រីជាបងប្អូនរបស់ជនរងគ្រោះខាងលើបានឱ្យដឹងថា អំឡុងពេលដែលពួកគេកំពុងធ្វើដំណើរត្រលប់មកផ្ទះវិញ ស្រាប់តែដបទឹករបស់នាងបានធ្លាក់ ទើបប្រាប់ឱ្យប្អូនប្រុសដែលជាអ្នកបើកម៉ូតូឈប់ចតនៅមាត់ផ្លូវដើម្បីចុះទៅរើសដបទឹកដែលធ្លាក់នោះ។ ពេលដែលនាងកំពុងតែដើរទៅរើស ស្រាប់តែមានឡានមួយគ្រឿងបានបើកមកយ៉ាងលឿនសំដៅទៅកាន់បងស្រីនិងប្អូនប្រុសដែលអង្គុយចាំនៅលើម៉ូតូ ។
ក្រោយកើតហេតុ លោក ទិក ឈីរ៉ូ ដែលជាម្ចាស់ឡានបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរបន្តនៅទីស្នាក់ការប៉ូលីស និងដើម្បីពិនិត្យរកកម្រិតជាតិអាល់កុលនៅក្នុងខ្លួនផងដែរ ៕