ខេត្តកណ្ដាល ៖ 

បុរសម្នាក់ជាតារាចម្រៀង បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗនៅនិងកន្លែង កាលពីវេលាម៉ោង២២និង៤០នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចខាងមុខផ្ទះយាយ សឿន លើផ្លូវជាតិលេខ២១-អា ស្ថិតនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល រវាង មូតូ និង ម៉ូតូ ហើយក្នុងគ្រោះថ្នាក់ បានបណ្ដាលឲ្យបុរសជនជាតិចិន២នាក់ទៀត រងរបួសធ្ងន់ផងដែរ ។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថានៅវេលាម៉ោង ថ្ងៃខែឆ្នាំ កើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា SCOOPY ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JY-6312 មិនពាក់មួកសុវត្ថិភាព និង អ្នកបើកបរមានឈ្មោះ ថុល លីនណា ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកចម្រៀង និងធ្លាប់ជាបេក្ខភាពប្រឡងចម្រៀង CAMBODIA idol  ស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើកបរម៉ូតូ ទិសដៅពីកើត ទៅលិច ។

លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក YAMAHA XRIDE ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IP-2841 បើកបរទិសដៅពីលិចទៅកើត បញ្ច្រាសទិសគ្នា និងជិះគ្នាពីរនាក់ ភេទប្រុស ជាជនជាតិចិន បណ្តាលឲ្យស្លាប់ជនរងគ្រោះ ឈ្មោះ ថុល លីណា ភ្លាមៗនៅនិងកន្លែង រីឯបុរសជនជាតិចិនទាំង២នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកជ័យជំនះដឹកយកទៅសង្គ្រោះ រួចបញ្ជួនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ ។

ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕