លោកKoji Gyotoku ជាគ្រូបង្វឹកថ្មីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាពិតជាចង់ដឹកនាំក្រុមឱ្យទទួលបានជ័យជម្នះស្របតាមបំណងរបស់អ្នកគាំទ្រ បន្ទាប់ពីការប្រកួតមុនៗ ក្រុមតែងជួបលទ្ធផលមិនល្អ និងធ្វើឱ្យអ្នកគាំទ្រទទួលបានអារម្មណ៍ខកចិត្ត ។
កន្លងមកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាតែងតែជួបលទ្ធផលមិនបានល្អ នៅក្នុងការប្រកួត មិនថាមិត្តភាព ឬក៏ការប្រកួតវគ្គជម្រុះពានរង្វាន់នានា។ លទ្ធផលទាំងនោះតែងត្រូវបានធ្វើឱ្យអ្នកគាំទ្របាល់ទាត់កម្ពុជាមិនសប្បាយចិត្ត ហើយរិះគន់ខ្លាំងៗទៅលើប្រព័ន្ធលេងរបស់ក្រុម ដែលមិនអាចនាំយកជ័យជម្នះ ។ បុរសសញ្ជាតិជប៉ុន Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បណ្តោះអាសន្ត ជំនួសតំណែងលោក Felix G Dalmas ដែលបានបណ្តាញចេញពីការដឹកនាំក្រុមកាលពីថ្ងៃទី១៣ ខែកញ្ញា ។
ស្ថិតក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១០ តុលា ២០២៤ ម្សិលមិញនេះគ្រូបង្វឹកដែលបានដឹកនាំក្រុមយុវជនរបស់កម្ពុជា ធ្វើបានល្អក្នុងការប្រកួតពេលកន្លងមក ក៏បាននិយាយទាក់ទងនឹងការប្រកួតទល់នឹងក្រុមឆាយនីសតៃប៉ិថា ការប្រកួតមូលផ្តុំក្រុមត្រៀមខ្លួនសម្រាប់ការប្រកួតមានរយៈពេលខ្លី ដែលវានឹងមិនទាន់បង្ហាញពីភាពល្អឥតខ្ចោះប៉ុន្មានឡើយសម្រាប់ការប្រកួត។ យ៉ាងណាក៏ដោយ លោក Gyotoku បានបង្ហាញពីគោលបំណងរបស់ក្រុមដែលត្រូវលេងថា ក្រុមនឹងប្រើទម្រង់សម្រុកខ្លាំងលើគូប្រកួត ស្រដៀងទៅនឹងអ្វីដែលលោកធ្លាប់បានប្រើប្រាស់នៅក្នុងក្រុមយុវជន ព្រមទាំងព្យាយាមស្វែងយល់ពីកីឡាករឱ្យកាន់តែខ្លាំង ចំពោះគុណភាពការលេងលើទីលានតាមតំបន់នីមួយៗ ។
ដោយឡែកសម្រាប់កីឡាករខ្សែការពារ សឿយ វិសាល បន្ទាប់ពីការប្រមូលផ្តុំសមាសភាពកីឡាករស្ថិតក្រោមការដឹកនាំរបស់លោក Gyotoku វិញ រូបគេបាននិយាយថាក្រុមនឹងព្យាយាមធ្វើឱ្យបានល្អជាងការប្រកួតនាពេលកន្លងមក។ កីឡាករមកពីក្លិបព្រះខ័នរាជស្វាយរៀង រូបនេះ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងជួយក្រុមនាំយកលទ្ធផលល្អ ដើម្បីអ្នកគាំទ្រ ឱ្យទទួលបានភាពរីករាយឡើងវិញពីក្រុមជម្រើសជាតិកម្ពុជា។ចាំមើលថាតើនៅយប់ថ្ងៃទី១១ តុលា ឆ្នាំ២០២៤ នេះក្រុមគោព្រៃកម្ពុជាក្រោមការដឹកនាំរបស់លោក Koji មានការប្រែប្រួលទម្រង់លេងយ៉ាងក្នុងជំនួបមិត្តភាពជាមួយក្រុមឆាយនីសតៃប៉ិ នាពហុកីឡដ្ឋានជាតិអូឡាំពិក ។