កាលពីថ្ងៃទី 11 ខែតុលា កន្លងទៅនេះ អ្នកនាំពាក្យឱ្យផលិតកម្ម អេសអឹមអ៊ីនធើធេនមែន (SM Entertainment) បានប្រាប់ឱ្យដឹងថា តារាចម្រៀងនិងសម្តែង អ៊ីម យ៉ុនអា (Im Yoon-ah) បានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន 100 លានវ៉ុន ពីការលក់ផលិតផលនៅក្នុងថ្ងៃកំណើតរបស់នាងដែលមានឈ្មោះថា សូវ័នឌឺហ្វូលដេយ៍ (So Wonderful Day) ដោយធ្វើឡើងសម្រាប់អ្នកគាំទ្ររបស់នាងកាលពីខែឧសភាកន្លងទៅនេះ ព្រមទាំងមានការបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់នាងថែមទៀតផង ។
ការបរិច្ចាគទឹកប្រាក់ខាងរបស់តារាស្រីខាងលើនេះ ក្នុងគោលបំណងជួយកាត់បន្ថយថ្លៃព្យាបាលសម្រាប់ក្មេងៗដែលកំពុងកើតមានជំងឺផ្សេងៗដូចជា ប្រភេទជំងឺមហារីក ប្រភេទជំងឺកម្រ និងប្រភេទជំងឺរ៉ាំរ៉ៃ។ កន្លងមក យ៉ុនអា ធ្លាប់ត្រូវបានចូលរួមក្នុងអង្គការ អននឺសូសាយធី (Honor Society) កាលពីឆ្នាំ 2015 និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនអ្នកគាំទ្រ ហើយចាប់តាំងពីពេលនោះមកនាងតែងតែធ្វើការបរិច្ចាគទឹកប្រាក់ជាបន្តបន្ទាប់នៅរៀងរាល់ចុងឆ្នាំ ដើម្បីជួយដល់អ្នកដែលមានខ្វះលទ្ធភាពជាដើម ៕