ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបានណែនាំដល់កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ឱ្យគោរពវិន័យ ក្រមសីលធម៌ ជាពិសេសគឺប្រឹងប្រែងឱ្យអស់ពីសមត្ថមភាព ដើម្បីប្រជែងមេដាយជូនជាតិ ក្នុងនាមជាអត្តពលិកម្ចាស់ផ្ទះកម្ពុជា ត្រៀមការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ពីថ្ងៃទី០៧-១៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

នៅក្នុងពិធីសំណេះសំណាលលើកទឹកចិត្ត និងណែនាំដល់ក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម ហេង សុខឃន បានក្រើនរម្លឹកដល់គ្រូបង្វឹក កីឡាករ កីឡាការិនីឃីកបុកស៊ីងជម្រើសជាតិកម្ពុជាទាំងអស់ថា នេះជាប្រវត្តិសាស្ត្រដំបូងនៃការរៀបចំការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤នៅកម្ពុជា ដូច្នេះក្នុងនាមជាអត្តពលិកម្ចាស់ផ្ទះ ត្រូវតែគោរពឱ្យបាននូវវិន័យ ក្រមសីលធម៌ ក្នុងការប្រកួត ជាពិសេសអត្តពលិកឃីកបុកស៊ីងត្រូវមានមោទនភាពជាតិ ក្នុងការបញ្ចេញសមត្ថភាពឱ្យអស់ ដើម្បីប្រជែងយកមេដាយមាសឱ្យបានច្រើនយកមកជូនជាតិ ។

បន្ថែមពីលើនេះ ឯកឧត្តម ហេង សុខឃន ក៏បានណែនាំឱ្យកីឡាករ កីឡាការិនីត្រៀមការប្រកួតទាំងអស់ត្រូវទៅត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យឱ្យបានគ្រប់ៗគ្នា ដូចជាពិនិត្យរកមើលការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ដូប៉ា ឬដូពីង ប្រភេទឈាម និងជំងឺឆ្លង ដើម្បីឱ្យច្បាស់ថា កម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស្របតាមគោលការណ៍កីឡារបស់អន្តរជាតិ។ ការត្រួតពិនិត្យនេះ គឺដើម្បីថែរក្សានូវភាពយុត្តិធម៌ក្នុងការប្រកួតដោយស្មើភាព មិនប្រើប្រាស់សារធាតុលើកកម្លាំងខុសពីគោលការណ៍កីឡា ដោយកីឡានាំមកនូវមិត្តភាព សាមគ្គីភាព គោរពស្រឡាញ់គ្នា ហើយការឈ្នះចាញ់ ស្ថិតនៅលើបច្ចេកទេសកីឡា ហើយក្នុងនាមជាម្ចាស់ផ្ទះ គឺយើងត្រូវតែប្រយ័ត្នទាំងអស់គ្នា ។

ចំពោះកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាមានចំនួនសរុប ៦២នាក់ ក្នុងនោះកីឡាករលំដាប់កំពូលៗរបស់កម្ពុជាមានដូចជា ព្រំ សំណាង, បឺត សង្ឃឹម, ឈឿង ល្វៃ និងកីឡាករ រិន ដេវីត ជាដើម ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២៤ នៅកម្ពុជានឹងដំណើរការពីថ្ងៃទី០៧-១៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយពិធីបើកគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខណៈពិធីបិទការប្រកួតជាផ្លូវការគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៕