កាលពីរសៀលថ្ងៃអង្គារិ៍ទី៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ មានការរៀបចំពិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍ប្រកួតកីឡា Kickboxing ជើងឯកអាស៊ីឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC និងឯកឧត្តម ហេង សុឃន ប្រធានសហព័ន្ធកីឡា Kickboxing កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។ បើតាមរបាយការណ៍បានឲ្យដឹងថា ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃគិតចាប់ពីថ្ងៃ៨ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដោយមាន ២៤ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ។
ក្នុងនោះមានអត្តពលិកសរុបចំនួន ៧០០នាក់ (កីឡាការិនីចំនួន ២០០នាក់) ប្រតិភូ និងគ្រូបង្វឹកចំនួន ៤៨នាក់ ខណៈមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រមជាតិ និងអន្តរជាតិចំនួន ១០០នាក់ សរុបទាំងអស់ចំនួន ៨៤៨នាក់។ ព្រឹត្តិការណ៍ឆ្នាំ២០២៤ នៅប្រទេសកម្ពុជាលើកនេះ គណៈកម្មការរៀបចំឲ្យមាន ១០២វិញ្ញាសា ដោយវិញ្ញាសានារីមាន ៣៩វិញ្ញាសា និងបុរសមាន ៦៣វិញ្ញាសា ក្នុងនោះក៏មានវិញ្ញាសាសម្តែងផងដែរ ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានសមាសភាពចូលរួមច្រើនជាងគេ ដោយមានកីឡាករ ៥៦នាក់, កីឡាការិនី ១៦នាក់ រួមទាំងប្រតិភូ និងគ្រូបង្វឹក ៩នាក់ទៀត សរុបទាំងអស់មានចំនួន ៨១នាក់ ។
ឯកឧត្តម ហេង សុឃន ប្រធានសហព័ន្ធកីឡា Kickboxing កម្ពុជាថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសម្ចាស់ឧបត្ថមធំដែលបានជួយជ្រោមជ្រែងឲ្យព្រឹត្តិការណ៍នេះដំណើរការទៅបាន។ ឯកឧត្តមប្រធានសង្ឃឹមថា ការប្រកួតនឹងប្រព្រឹត្តទៅដោយរលូនតាំងពីថ្ងៃចាប់ផ្តើមរហូតដល់បិទបញ្ចប់ ហើយក៏រំពឹងថា អត្តពលិកកម្ពុជាអាចដណ្តើមបានមេដាយមាសច្រើនជាងគេផងដែរ ៕