រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាក LexusRX300 មួយគ្រឿងក្នុងល្បឿនលឿន  ខណៈបើកមកដល់ផ្លូវកោងមិនប្រយ័ត្ន ក៏បួងចង្កូតជ្រុលទៅបុកឡើងសួនផ្លូវ រួចបន្តទៅបុកដើមឈើបាក់១ដើម រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ។


ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ ទី១៩ខែតុលា ឆ្នាំ២០២៤ ចំណុចលើផ្លូវបុរីអង្គរក្នុងសង្កាត់ទួលសង្កែរទី២ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2B-1179 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកឡើងសួនផ្លូវ រួចបន្តទៅបុកដើមឈើមួយដើម បណ្ដាលឲ្យបាក់រាបដល់ដី ចំណែករថយន្តបង្ក រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ភ្លាមនោះដែរ ម្ចាស់បើករថយន្តបង្កបានបើកទ្វារគេចចេញពីចំណុចកើតហេតុបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕