រឿងដែលមានការនិយាយមិនដាច់ពីមាត់នាពេលនេះ គឺភាពចម្រូងចម្រាស់នៃការដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះទាំងកណ្តាលទីរបស់ស្ថាប័ន MGI ក្នុងការប្រកួត Miss Grand International 2024។ ទាក់ទងនឹងរឿងដែលកំពុងតែកើតមានយ៉ាងក្តៅគគុកនេះ ស្រាប់តែលេចលឺពត៌មានចចាមអារ៉ាមថា កញ្ញា កុយ អេនណា ដែលជាលំដាប់រងទីមួយពីកម្មវិធី Miss Grand Cambodia 2023 នឹងទៅចូលរួមប្រកួតជំនួសកញ្ញា ប៊ី សុធារី។ មូលហេតុនៃការកើតមានពត៌មានទាំងនោះឡើងមក គឺដោយសារតែកាលពីយប់ថ្ងៃទី 08 ខែតុលា ឆ្នាំ 2024 កន្លងទៅនេះ លោកណាវ៉ាត់ (Nawat) ដែលជាម្ចាស់កម្មវិធីប្រកួតសម្រស់ខាងលើ បានផ្តល់បទសំភាសន៍ទៅកាន់សារពត៌មានក្នុងស្រុកទាក់ទងនឹងការដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ 

ជាមួយគ្នានេះម្ចាស់កម្មវិធីខាងលើថែមទាំងបានលើកយករូបកញ្ញា កុយ អេនណា មកបង្ហាញនៅចំពោះអ្នកសារពត៌មានទាំងនោះថានឹងទៅចូលរួមប្រកួតផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រខ្មែរកើតការយល់ច្រលំទៅលើកញ្ញាជាខ្លាំង។ យ៉ាងណាមិញបន្ទាប់ពីដំណឹងនេះលេចលឺដល់ អេនណា ភ្លាម កញ្ញាក៏បានធ្វើការឡាយ (Live) នៅលើបណ្តាញសង្គមភ្លាមៗថា ជាការពិតគឺមានបុគ្គលម្នាក់បានទាក់ទងឱ្យទៅប្រកួតជំនួស ប៊ី សុធារី មែន ប៉ុន្តែដោយសារបច្ចុប្បន្នកញ្ញាមានការមមាញឹកជាមួយគម្រោងជាច្រើននៅក្នុងដៃ ព្រមទាំងប្រទេសកំពុងតែកើតមានរឿងបែបនេះឡើងមកទៀត ទើបមានការបដិសេធយ៉ាងដាច់អហង្ការមិនទៅចូលរួមប្រកួតជំនួសអ្នកណាម្នាក់ជាដាច់ខាត ។ 

ជាចុងក្រោយ កុយ អេនណាក៏បានទទូចសុំឱ្យអ្នកគាំទ្រ និងមហាជនទូទៅ ឈប់មានការយល់ច្រលំចំពោះរឿងការទៅប្រកួតនេះផងដែរ ៕