បើនិយាយពីតារាមុខប្រជាប្រិយ សុភ័ក្ត្រ កុសុម៉ា ច្បាស់ណាស់ថាមហាជនទូទៅប្រាកដជាស្គាល់តារារូបនេះយ៉ាងច្បាស់តាមរយៈវោហារសព្ទកំប្លុកកំប្លែងមិនចេះរីងស្ងួតជាក់ជាមិនខាន មិនត្រឹមតែប៉ុណ្ណោះកញ្ញាថែមទាំងជាសិល្បការិនីម្នាក់ដែលមានសមត្ថភាពខាងផ្នែកច្រៀង ពិធីការិនី និងដុងសិល្បៈផ្សេងៗជាច្រើនទៀតផងដែរ។ យ៉ាងណាមិញបន្ទាប់ពីលួចបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសសង្ហាម្នាក់ដែលស្ថិតនៅក្រៅរង្វង់សិល្បៈអស់រយៈពេលជាច្រើនឆ្នាំ និងទើបតែបង្ហាញប្រាប់ជាសាធារណៈឱ្យមហាជនបានដឹងពីទំនាក់ទំនងស្នេហាស៊ីជម្រៅរបស់ពួកគេរួចមក សង្កេតឃើញថាមានអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ហើយទន្ទឹមនឹងនេះពួកគេទាំងនោះក៏បានចូលរួមសម្តែងក្តីត្រេកអរចំពោះក្តីស្នេហ៍នេះថែមទៀតផង ។ 

ដោយឡែកកាលពីពេលថ្មីៗកន្លងទៅនេះ មហាជនបានផ្ទុះការភ្ញាក់ផ្អើលសារជាថ្មីម្តងទៀត បន្ទាប់ពីគូស្នេហ៍ខាងលើ បានដឹកដៃគ្នាទៅថត Pre-Wedding នៅក្នុងខេត្តសៀមរាប ដោយបានជ្រើសយកការគ្រងឈុតបុរាណខ្មែរក្នុងទម្រង់ជាល្ខោនបាសាក់។ ស្ថិតនៅក្នុងសម្លៀកបំពាក់ល្ខោនបាសាក់នាថ្ងៃថត Pre-Wedding នេះ តារាស្រីខាងលើបានពោលពាក្យក្នុងចិត្តយ៉ាងដូច្នេះថា៖ “រយះពេល ២ ឆ្នាំហើយ ដែលយើងទាំងពីរនាក់រង់ចាំគ្រងឈុតល្ខោនបាសាក់ក្នុងថ្ងៃថត Pre-Wedding របស់យើង”។ បន្ទាប់ពីរូបភាពទាំងនោះបានបង្ហោះនៅលើបណ្តាញសង្គមភ្លាម មានមហាជនជាច្រើនបានសាទរនូវការរិះរកអ្វីដែលថ្មីប្លែកខុសពីការថត Pre-Wedding របស់គូស្នេហ៍ដ៏ទៃទៀត ព្រមទាំងបានលើកសរសើរនូវការលើកស្ទួយដល់សិល្បៈវប្បធម៌ខ្មែរ និងបានបំផុសគំនិតឱ្យមហាជនទូទៅងាកមកចាប់អារម្មណ៍នូវទម្រង់សិល្បៈបុរាណល្ខោនបាសាក់ ដែលបច្ចុប្បន្នស្ទើរតែមានការបាត់បង់ទៅហើយ ។

ទោះបីជា កញ្ញា សុភ័ក្រ្ត កុសុម៉ា និងអនាគតស្វាមី បានបង្ហោះរូបភាព Pre-Wedding នៅលើបណ្តាញសង្គមរបស់ពួកគេក៏ពិតមែន ប៉ុន្តែគូស្នេហ៍មួយគូនេះនៅមិនទាន់បានបញ្ជាក់អំពីថ្ងៃចូលរោងជ័យនៅឡើយទេ ៕