រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាក Range rover ១គ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ចំនួន២កង់ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ 

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១:៣០នាទីយប់ ទី១៦ ខែតុលាឆ្នាំ ២០២៤ចំណុចស្តុបប្រសាទពេជ្រស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកRange rover ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2R-7779 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។

ខណៈពេលបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ចំនួនពីរកង់ ។ ចំណែករថយន្តបង្ក បានបែកពោងសុវត្ថិភាពនិងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ហើយភ្លាមនោះដែរ អ្នកបើករថយន្តបង្ក ក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តតែប៉ុណ្ណោះ ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកដល់ វាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនូវការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយជាមួយនឹងសាលាក្រុងនៅពេលក្រោយ ៕