តារាចម្រៀងប្រុស រិនជីន (Renjun) ដែលស្ថិតនៅក្នុងក្រុម អិនស៊ីធី (NCT) និង អិនស៊ីធី ឌ្រីម (NCT Dream) របស់ផលិតកម្មអេសអឹមអ៊ីនធើធេនមែន (SM Entertainment) ធ្លាប់បានប្រកាសផ្អាកការចូលរួមសកម្មភាពផ្សេងៗជាមួយក្រុមចម្រៀងខាងលើ រាប់ចាប់តាំងពីខែមេសា ឆ្នាំ 2024 មកម្ល៉េះ មូលហេតុគឺការកើតមានបញ្ហាសុខភាពរាងកាយនិងជំងឺថប់បារម្ភ ។
បើទោះបីជាតារាចម្រៀងប្រុសខាងលើបានផ្អាកពីសិល្បៈមួយរយៈដើម្បីទៅព្យាបាលខ្លួនក៏ពិតមែន ប៉ុន្តែបើក្រឡេកមើលបទចម្រៀងដែលបានបញ្ចេញកាលពីថ្ងៃទី 23 ខែសីហា ឆ្នាំ 2024 ដែល រិនជីន (Renjun) បានចូលរួមច្រៀងជាមួយក្រុម អិនស៊ីធី ឌ្រីម (NCT Dream) ក្នុងបទរ៉េនអ៊ីនហ៊ែវេន (Rains in Heaven) ជាភាសាអង់គ្លេស គឺកំពុងតែទទួលបានការគាំទ្រពីមហាជនទូទៅ។ ដោយឡែកកាលពីថ្ងៃទី 7 ខែតុលា កន្លងទៅនេះ ខាងផលិតកម្មអេសអឹមអ៊ីនធើធេនមែន (SM Entertainment) បានចេញសេចក្តីប្រកាសមួយនៅតាមបណ្តាញសង្គមវីវើស (Weverse) ទាក់ទងនឹងអាការសុខភាពរបស់រិនជីន (Renjun) សមាជិកក្រុមចម្រៀង អិនស៊ីធី (NCT) និង អិនស៊ីធី ឌ្រីម (NCT Dream) ថាតារាប្រុសរូបនេះអាចវិលត្រលប់មកចូលរួមសកម្មភាពផ្សេងៗជាមួយសមាជិកក្រុមចម្រៀងខាងលើបានធម្មតាវិញហើយ បន្ទាប់ពីមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតរួចមក ៕