បន្ទាប់ពីប្រកួតចប់នៅលើវេទិកា មីស ខូសម៉ូ ពីរពាន់ម្ភៃបួន (Miss Cosmo 2024) ជាមួយនឹងតំណែង ថប់ធេន (Top 10) ឬដប់រូបចុងក្រោយរួចមក បវរកញ្ញាសម្បុរស្រអែមស្រស់ អ៊ិន លក្ខិណា កាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែច្រើនឡើងជាងមុនពីសំណាក់បងប្អូនខ្មែរ។ មិនត្រឹមតែទទួលបានការគាំទ្រនៅក្នុងស្រុកយ៉ាងច្រើនលើសលប់ប៉ុណ្ណោះទេ បើងាកទៅចាប់អារម្មណ៍អ្នកគាំទ្រនៅប្រទេសវៀតណាមវិញឃើញថា លក្ខិណា ក៏ទទួលបានការស្រឡាញ់និងចូលចិត្តយ៉ាងច្រើនពីមហាជននៅទីនោះផងដែរ ។
ដោយឡែកកាលពីពេលថ្មីៗនេះ បវរកញ្ញាដែលមានប្រវត្តិតស៊ូនៅលើវេទិកាប្រកួតសម្រស់រូបនេះ ទទួលបានការអញ្ជើញឱ្យចូលរួមដើរបង្ហាញម៉ូតសម្លៀកបំពាក់នៅក្នុងកម្មវិធី វៀតណាម និច ជេន ហ្វេសហ្សិន (Vietnam Next-Gen Fashion) នៅឯប្រទេសវៀតណាម កាលពីថ្ងៃទី 09 ខែតុលា ឆ្នាំ 2024 កន្លងទៅនេះ។ ការលេចវត្តមានក្នុងនាមជាកូនខ្មែរមួយរូបយ៉ាងមោទកភាពនេះ សង្កេតឃើញថា កញ្ញា អ៊ិន លក្ខិណា ត្រូវបានដើរបង្អួតរាងយ៉ាងស្រលនជាមួយឈុតច្នៃឡើងមកយ៉ាងស្រស់ស្អាតចំនួនពីរឈុតដោយអ្នកច្នៃម៉ូតជនជាតិវៀតណាមដ៏ល្បីថែមទៀតផង ។
សូមជម្រាបថា ក្រៅពីកញ្ញា អ៊ិន លក្ខិណា ដែលជា ថប់ធេន មីស ខូសម៉ូ ពីរពាន់ម្ភៃបួន (Top 10 Miss Cosmo 2024) ត្រូវបានផ្តល់ជាកិត្តិយសឱ្យចូលរួមដើរម៉ូតនៅក្នុងកម្មវិធីខាងលើនេះហើយនោះ ក៏មានវត្តមានមិត្តរួមជំនាន់ប្រកួតនៅក្នុងកម្មវិធី មីស ខូសម៉ូ (Miss Cosmo) មួយចំនួនទៀតផងដែរ ក្នុងនោះរួមមានកញ្ញា កឹតុត ពើរៈម៉ាតា ជូលីអាស្ទ្រីត (Ketut Permata Juliastrid) ម្ចាស់ជ័យលាភីលេខមួយមកពីប្រទេសឥណ្ឌូណេស៊ី កញ្ញា ម៉ុក កានឫថៃ ថាត់សាប៊ុត (Mook Karnruethai Tassabut) ម្ចាស់តំណែងលំដាប់រងទីមួយមកពីប្រទេសថៃ និងកញ្ញា បុយ សួន ហាញ់ (Bùi Xuân Hạnh) ម្ចាស់តំណែង ថប់ហ្វាយ (Top 5) មកពីប្រទេសវៀតណាម ៕