សម្លេងសម្រាប់ការផ្លាស់ប្តូរ ឬ វ៉យហ្វ័រឆេង (Voice For Change) គឺជាកម្មវិធីពិសេសថ្មីមួយរបស់វេទិកាប្រកួតសម្រស់អន្តរជាតិ កញ្ញាឯកចក្កវាឡ ដែលបានសហការជាមួយវេទិកាប្រព័ន្ធផ្សព្វផ្សាយ ស៊ីអាយថក (CI Talks)។ កម្មវិធីខាងលើគឺជាកម្មវិធីប្រកួតប្រជែងវីដេអូដែលមានរយៈពេល ៣ នាទី ក្នុងគោលបំណងដើម្បីបង្កើតការបំផុសគំនិតដែលនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងនិរន្តរភាពនៅក្នុងសង្គមនាពេលអនាគត។ ដោយឡែក អ្នកនាង ប្រាសាទ ដាវីន ដែលជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា ត្រៀមនឹងចូលរួមប្រកួតនៅលើវេទិកាប្រកួតសម្រស់ កញ្ញាឯកចក្កវាឡ លើកទី ៧៣ នៅឯប្រទេសម៉ិកសិចកូ ក៏បានដាក់វីដេអូរបស់ខ្លួនចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីខាងលើនេះដែរ ។ 

នៅក្នុងវីដេអូនោះ អ្នកនាង បានលើកយកសមាគមមួយស្ថិតនៅក្នុងខេត្តកំពតមកពិពណ៌នាក្នុងគោលបំណងលើកកម្ពស់ដល់ការសិក្សា ដោយសមាគមខាងលើនេះមានឈ្មោះថា “ទុកចិត្ត”។ “ទុកចិត្ត” គឺជាសមាគមសហគមន៍មួយដែលផ្តល់ការអប់រំប្រកបដោយគុណភាព និងឥតគិតថ្លៃ ព្រមទាំងលើកកម្ពស់ដល់សុខភាព និងសុខុមាលភាព និងផ្តល់អាហារូបករណ៍ដល់និស្សិតមហាវិទ្យាល័យនៅតំបន់ជនបទថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សមាគមនេះ ក៏ជាសមាគមដែលជួយដល់កុមារតូចៗអាចចូលរៀនថ្នាក់បំប៉នបន្ថែម លើមុខវិជ្ជាមួយចំនួនដូចជា ថ្នាក់ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា បណ្ណាល័យ កុំព្យូទ័រ និងអ៊ីនធឺណិតជាដើម ។ 

ដូចនេះ សូមបងប្អូនដែលគាំទ្រវិស័យប្រកួតសម្រស់ ជាពិសេសវេទិកា កញ្ញាឯកចក្កវាឡ កុំភ្លេចចូលរួមគាំទ្រដល់អ្នកនាង ប្រាសាទ ដាវីន ឱ្យបានច្រើនកុះករ និងចូលរួមធ្វើការបោះឆ្នោតនៅក្នុងកម្មវិធី សម្លេងសម្រាប់ការផ្លាស់ប្តូរ ឬ វ៉យហ្វ័រឆេង (Voice For Change) នៅក្នុងវេបសាយ ស៊ីអាយថកដតខម (citalks.com) ដើម្បីឱ្យបេក្ខភាពកម្ពុជារបស់យើងបានឈ្នះពាននៅក្នុងកម្មវិធីមួយនេះ ៕