ខេត្តសៀមរាប ៖ 

កាលពីម៉ោងប្រមាណជា៨ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដែលមាននារីម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរងការចាក់សម្លាប់ដោយបុរសម្នាក់ ដែលសង្ស័យថាជាគូស្នេហ៍ នៅខាងជើងស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមបណ្ដោយផ្លូវព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល  ក្រុងសៀមរាប ខេត្តសៀមរាប ។


ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ រហូតដល់ម៉ោង១៣និង២០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានរកឃើញសាកសពរបស់ជនសង្ស័យ ឈ្មោះ ផាន ជីនី ភេទប្រុស អាយុ២៤ ឆ្នាំ  ថ្នាក់ទី១២ចប់ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ បានមកលោតទឹកសម្លាប់ខ្លួននៅទំនប់ទឹក ស្ថិតក្នុងភូមិ នគរក្រៅ សង្កាត់គោកចក ក្រុង  ខេត្តសៀមរាប នៅក្រោយពេលសម្លាប់សង្សា របស់ខ្លួន ។

តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក សុខ  ម៉េង អ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា យុវតីរងគ្រោះ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ម្នាក់ ត្រូវបានសង្សា ចាក់សម្លាប់ចំនួន២៣កាំបិតនៅក្នុងផ្ទះ បណ្តាលឲ្យស្លាប់ ខណៈនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកឯជនសង្ស័យជាសង្សារ បានជិះម៉ូតូ រត់គេចខ្លួននិងយកម៉ូតូទៅប្លុងចោលនៅត្រង់ចំណុចក្បែរខ្លោងទ្វារតាកៅ ខាងលិចក្រុងអង្គរធំ និង ស្បែកជើងទុកចោលនៅមាត់ទឹក ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។ 

ហេតុការណ៍ឃាតកម្មគិតទុកជាមុននេះ បានកើតឡើងនៅវេលាម៉ោង ០៨និង០០នាទី ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចតូបលក់កាហ្វេរបស់ជនរងគ្រោះ តាមបណ្ដោយផ្លូវព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។ លោកវរៈសេនីយ៍ឯក សុខ  ម៉េង អ៊ាង បានបន្តទៀតថាខណៈពេលដែលជនរងគ្រោះ មកបើកតូបលក់កាហ្វេនោះ ជនសង្ស័យឈ្មោះ ផាន ជីនី បានជិះម៉ូតូមក ហើយ ចូលធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តសៀមរាប ក៏បានស្លាប់បាត់បង់ជីវិត ។ ចំណែកជនសង្ស័យ ក្រោយពេលធ្វើសកម្មភាពហើយ ក៏បានជិះម៉ូតូគេចខ្លួនបាត់  ។ 

បច្ចុប្បន្ន សពជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេស ធ្វើកោសល្យវិច័យ ដើម្បីប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕