បន្ទាយមានជ័យ ៖
កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនក្រុមកាក់វាយយកម៉ូតូចំនួន៨នាក់ ជាករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តិអំពើហិង្សា ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ២នាក់ មាន១.ឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្តឹងជនសង្ស័យ១ក្រុម មានគ្នា១២នាក់ បានធ្វើសកម្មភាពវាយយកម៉ូតូ១គ្រឿង ទៅបាត់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវវាងក្រុងស្ថិតភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ស្រុកមង្គលបូរី បានសហការគ្នា ធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ និងរឹបអូសម៉ូតូចំនួន៥គ្រឿងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នៅចំណុចសង្កាត់/ក្រុងប៉ោយប៉ែត ។
ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ដែលធ្វើសកម្មភាពវាយជនរងគ្រោះយកម៉ូតូ១គ្រឿង និងប្រព្រឹត្តអំពើហឹង្សាលើជនរងគ្រោះ ត្រូវបាននាំយកមកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ ៕