មហាព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ ដែលជាមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ បាននាំមកនូវទស្សនីយភាពដ៏មហស្ចារ្យនៅលើទឹកដីអង្គរ បានបញ្ចប់ទៅដោយរលូន និងដោយជោគជ័យកាលពីពេលថ្មីៗកន្លងទៅនេះ ពោលគឺបានប្រារព្ធឡើងនៅថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ដោយមានការតាំងពិព័រណ៍ម្ហូបអាហារ ការកម្សាន្តជាមួយសិល្បៈចម្រៀងចម្រុះ និង ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ ពីក្រុមនាដការី និងក្រុមសិល្បៈល្បីៗជាង៥០០ នាក់ជាដើម ។

ជាមួយគ្នានេះ តារាសម្តែង និង ពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាផ្នែកមួយនៅក្នុងព្រឹត្តិការណ៍ខាងលើ បានរៀបរាប់ពីអារម្មណ៍រំភើប និងមោទកភាព ដែលបានគ្រងឈុតអប្សរា ដើរនៅក្នុងពិធីដង្ហែក្បួនព្យុះហយាត្រាព្រះមហាក្សត្រខ្មែរនាសម័យអង្គរ។ ជាងនេះទៀតសោត តារាស្រីខាងលើថែមទាំងបានចែករំលែកវប្បធម៌ខ្មែរជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីបង្ហាញអ្វីល្អៗទៅកាន់ពិភពលោក ។

ដ្បិតថា ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ បានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែអារម្មណ៍រំភើបសប្បាយរីករាយ នៅតែដិតដាម និងសង្ឃឹមថា ព្រឹត្តិការណ៍មួយនេះ នឹងវិលត្រលប់មកវិញឆាប់ៗ ជាមួយភាពធំសម្បើមជាងឆ្នាំមុនៗ ៕