រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានបើករថយន្តតូយ៉ូតាព្រូស ក្នុងស្ថានភាពស្រវឹងទោរទន់ បានជ្រុលទៅបុកនិងម៉ូតូស្កុបពី ដែលជិះដោយបុរសម្នាក់ពីក្រោយ អូសម៉ូតូតាមរថយន្តជាច្រើនម៉ែត្រ ធ្វើអោយជនរងគ្រោះបោកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង២០នាទីទាបភ្លឺថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤ ទល់មុខរដ្ឋសភា ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ រីឯអ្នកបើកបររថយន្តមានឈ្មោះ អាយុ២៩ឆ្នាំ មុខរបរ អ្នកលេងភ្លេង ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនមុខពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG 0883 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ រដ្ឋសភាទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងទោរទន់។ លុះមកដល់ចំនុចកើតហេតុ ក៏ជ្រុលទៅបុកនិងម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BV1140 ដែលជិះដោយបុរសម្នាក់ ពីក្រោយទាំងកំរោល បណ្តាលឲ្យមនុស្សផ្លោងខ្ទាតជាង៥០ម៉ែត្រ បោកក្បាលហូរឈាម អាក្រាតកាយ ស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្តាលផ្លូវ ។
ដោយឡែក ខាងរថយន្តវិញភា្លមៗនោះ មិនព្រមឈប់នោះទេ គឺបើករថយន្តរុញអូសម៉ូតូបន្តដំណើរទៅមុខប្រហែល២០០ម៉ែត្រ ដល់ជិតរង្វង់មូលសម្តេចសង្ឃជួនណាត ទើបពលរដ្ឋឃាត់បាន ហើយ ប្រគល់អ្នកបើកបរ ប្រគល់អោយសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រង់ចាំប្រគល់អោយផ្នែកជំនាញចរាចរណ៍ធ្វើការបន្ត ។
ករណីនេះផងដែរ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចរាចរណ៍ខណ្ឌចំការមន បានចុះទៅពិនិត្យកន្លែងកើត រួចហើយក៏បានទាក់ទងស្វែងរកសាច់ញាតិនៃសពជនរងគ្រោះឲ្យមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ ៕