រាជធានីភ្នំពេញ ៖
យុវជនម្នាក់ បានបាក់កស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវជនម្នាក់ទៀតជាអ្នកឌុប បានរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីពួកគេ បើកម៉ូតូបង្ហោះម៉ូតូ ខុសបច្ចែកទេសរេចង្កូតជ្រុលទៅបុកបង្គោលផ្សាយពាណិជ្ជកម្មនៅលើដងផ្លូវ OCIC ។
ហេតុការណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩:៥០នាទីយប់ ថ្ងៃទី១១ខែវិច្ចិការ ឆ្នាំ២០២៤ ចំណុចផ្លូវ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពមានឈ្មោះ កុលាប ភេទប្រុសអាយុ២០ឆ្នាំ មុខរបកម្មករសំណង់ បច្ចុប្បន្ន ស្នាក់នៅក្នុងការដ្ឋាន ក្នុងខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅគ្មានផ្លាកលេខ ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ OCIC ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន។ ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបែកគំនិតបង្ហោះម៉ូតូ ទំនងជាខុស បច្ចែកទេស ក៏បានរេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញាផ្សាយពាណិជ្ជកម្មយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនទាំង២នាក់ បោកក្បាលនៅនិងផ្លូវ ស្លាប់ម្នាក់និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ជាបណ្តោះអាសន្នចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕