រាជធានីភ្នំពេញ ៖
បុរសម្នាក់ ជិះម៉ូតូមួយគ្រឿងចេញពីហូបអីនៅផ្ទះមិត្តភក្តិ ឡើងស្ពានព្រែកសំរោង ត្រូវរថយន្តធុនធំមិនចាំម៉ាកមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានបុកពីក្រោយពេញទំហឹង រួចកិនពីលើថែមទៀត បណ្ដាលឲ្យបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៧យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកសំរោង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ៖ ម៉ិច ភារុំ អាយុ ៤១ឆ្នាំ មុខរបរ មេការ ហ្គារ៉ាសសាំង មានស្រុកកំណើត នៅខេត្តកំពង់ចាម ។
តាមប្រភពព័ត៍មាន បានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកកេខ 1FF-4334 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំ មិនចាំម៉ាកមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានបុកពីក្រោយពេញទំហឹង រួចកិនពីលើថែមទៀត បណ្ដាលឲ្យបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះ រថយន្តមិនបានឈប់នោះទេ បានបន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង រង់ចាំចាត់ការតាមនិតិវិធី ដោយឡែក សពជនរងគ្រោះសមត្ថកិច្ច ធ្វើកំណត់ហេតុរួច បានប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕