ក្រចេះ ៖
ដឹងការពិតហើយ! ដើមចមដែលលោកមេប៉ុស្តិ៍ឬស្សីកែវ ផ្ទុះអាវុធ២គ្រាប់ នៅឃុំ ឬស្សីកែវ ស្រុកព្រែកប្រសព្វ នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ទំនងខឹង ដោយសារភ្នាល់បាញ់លុយ និង ខឹងសម្បាគណៈកម្មការទូក«ង» មិនបានអញ្ជើញលោក មកចូលរួមប្រជុំបូកបញ្ជីបែងចែកថវិការ មិនពាក់ព័ន្ធនិងទំនាស់ផលប្រយោជន៍នោះទេ ។ នេះ បើយោងតាមការបញ្ជាក់របស់គណៈកម្មការទូក«ង» វត្តឬស្សីកែវ ។
លោក ម៉េង ស៊ុយ ប្រធានគណៈកម្មការទូក«ង»វត្តឬស្សីកែវ បានបញ្ជាក់ដែរ ថា ចំពោះ គណៈកម្មការទូកនិងចំណុះទូក គឺមានសាមគ្គីភាពគ្នាល្អណាស់ អំណោយដែលទទួលបានពីសប្បុរសជន គឺបានយកមកបែងចែកចំណុះទូក ក្នុងម្នាក់ 30 ម៉ឺនរៀល និងសម្ភារៈហូបចុកមួយចំនួន។ ចំណែកថវិកាដែលនៅសល់ មានចំនួន៨លានរៀល គឺលោកតម្កល់ទុកសម្រាប់ប្រើប្រាស់ និង ជួសជុលទូក ។
ដោយឡែក លោក វិន ថុន អតីតនាយប៉ុស្តិ៍ឬស្សីកែវ បានឆ្លើយតបថាករណីរវាងលោកនិងគណៈកម្មការទូក«ង»វត្តឬស្សីកែវ និងសមាជិកគណៈកម្មាធិការផ្សេងទៀត មិនមានការខឹងគ្នា គុំគួនស៊ីសាច់ហុតឈាមនោះទេ ហើយ ការដែលបណ្ដាញព័ត៌មានមួយចំនួនបានចុះផ្សាយ ថា រូបលោកនិងគណៈកម្មការទូកបែងចែកលុយគ្នាមិនស្មើនោះ មិនមែនជាការពិតទេ ។
លោក ហុក រ៉ាមិហ៍ គណៈកម្មការទូក«ង» និងសមាជិកក្រុមប្រឹក្សាឃុំ បានបញ្ជាក់ឲ្យដឹងដែរថា ទំនងគាត់ខឹងដោយសារចាញ់លុយចំនួន១២លានរៀលក្នុងការភ្នាល់ចាក់ទូក ហើយ មុនកើតមានករណីបាញ់បោះចំនួន២គ្រាប់នេះ លោកមេប៉ុស្តិ៍ ក៏ធ្លាប់បានគំរាមដកកាំភ្លើងរកបាញ់សមាជិកគណៈកម្មការទូក«ង»ផ្សេងទៀត ម្ដងរួចមកហើយ ។
ហើយនៅថ្ងៃកើតហេតុ ក៏បានតបតសម្ដីជាមួយនិងលោកផ្ទាល់ ដោយលោកមេប៉ុស្តិ៍ បានប្រើប្រាស់ ពាក្យអសុរោះដៀលគណៈកម្មការទូក«ង» ថា ពួកគណៈកម្មការទូក«ង»ឆ្នាំនេះ គឺពុករលួយខ្លាំងជាងពួកគណៈកម្មការឆ្នាំមុនៗទៅទៀត លឺដូចនេះ ក៏មានការតបតសំដីគ្នាមួយប្រាវ ទើបឈានដល់ការផ្ទុះអាវុធចំនួន២គ្រាប់នោះ ៕