ក្រោយពេលធ្វើការប្រកួតយ៉ាងស្វិតស្វាញដើម្បីស្វែងរកស្ត្រីជាអ្នកដឹកនាំពោរពេញដោយថាមពល និងជាទូតសុឆន្ទៈតែម្នាក់សម្រាប់ស្ថាប័ន Miss Universe លើកទី៧៣ ថ្មីៗនេះបានរកឃើញហើយកាលពីរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសម៉ិកស៊ីកូ។ កញ្ញាឯកដែលបានយកឈ្នះបេក្ខភាពចូលរួមប្រកួតប្រជែងជាង១៣០ប្រទេស ដើម្បីដណ្តើមយកមកុដដ៏មានកិត្យានុភាពនៅក្នុងវេទិកានេះ បានទៅលើកញ្ញា វិកតូរា ខែរ៍ ធាលវីគ (Victoria Kjær Theilvig) មកពីប្រទេស ដាណឺម៉ាក (Denmark) ។ 

ជាមួយគ្នានេះ អ្នកនាង ប្រាសាទ ដាវីន ដែលជាបេក្ខភាពតំណាងប្រទេស ក៏បានធ្វើឱ្យប្រទេសកម្ពុជាខ្ពស់មុខខ្ពស់មាត់ផងដែរ ដោយអ្នកនាងគឺជាស្ត្រីខ្មែរដំបូងគេបង្អស់ដែលបានបើកទ្វារជូនប្រទេសកម្ពុជាចូលទៅកាន់ថប់កំពូល ៣០ រូបចុងក្រោយ បន្ទាប់ពីមហាជនអ្នកគាំទ្រវិស័យមួយនេះរង់ចាំយ៉ាងអន្ទះសាអស់រយៈពេល ៨ ឆ្នាំកន្លងមក។ មិនតែប៉ុណ្ណោះ ដោយកម្លាំងនៃការសាមគ្គីរបស់បងប្អូនខ្មែរ គួបផ្សំនឹងសមត្ថភាពរបស់ អ្នកនាង ប្រាសាទ ដាវីន ទៀតសោត បានធ្វើឱ្យគណៈកម្មការ ស៊ីអាយ ថក (CI Talk) ជ្រើសរើសឱ្យកញ្ញាឯកកម្ពុជារូបនេះឈ្នះពានមាសពីយុទ្ធនាការ វ៉យហ្វ័រឆេង (Voice For Change) ថែមទៀតផង។ ទន្ទឹមនឹងភាពសប្បាយរីករាយនូវជ័យជំនះមួយនេះ អ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិ កញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២៤ លោក ឈួង យីវឆូយ បានបង្ហាញអារម្មណ៍រំភើបនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ការធ្វើដំណើរមកកាន់ចក្កវាឡ ដាវីនមិនមែនត្រឹមតែបំពេញក្ដីស្រមៃខ្លួនឯងប៉ុណ្ណោះទេ តែនាងបានបំពេញក្ដីស្រមៃមនុស្សជាច្រើននាក់ ជាពិសេសក្រុមអ្នកគាំទ្រជាទីស្រលាញ់របស់នាង រួមទាំងរូបខ្ញុំម្នាក់ដែរ! អរគុណ Davin Prasath ដែលធ្វើឲ្យក្ដីស្រមៃពួកយើងក្លាយជាការពិត និងពោរពេញដោយមោទកភាព!» ។

យ៉ាងណាមិញ ជ័យជំនះប្រកបដោយមោទកភាពនេះ នឹងចារឹកទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយក៏ជាជំហានថ្មីមួយទៀតក្នុងការនាំយកកម្ពុជាទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាបង្ហាញប្រាប់ទៅកាន់ពិភពលោកកាន់តែទូលំទូលាយជាងមុនផងដែរ ៕