ខេត្តកណ្ដាល ៖
រោងចក្រផលិតកាបូបក្រុមហ៊ុន« ហប ឡុក ខេមបូឌា ឯ.ក »ស្ថិតនៅក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានភ្លើងឆាបឆេះកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលសង្ស័យផ្ដើមចេញពីជាងផ្សាដែក ធ្លាក់កម្ទេចផ្កាភ្លើងទៅលើក្រណាត់និងស្បែកសម្រាប់ផលិតស្បែកជើងនោះ ទើបមានការឆាបឆេះតែម្ដង ។
ខណៈនោះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយ អាជ្ញាធរនិងសមត្ថកិច្ចចេញអន្តរាគមន៍ ព្រមទាំងមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងមកពីបណ្ដាអង្គភាពនានាចេញទៅបាញ់ពន្លត់ រហូតរលត់ទៅវិញភ្លាមៗទាន់ពេលវេលា ។ ចំណែកកម្មករ កម្មការិនីរាប់រយនាក់ ដែលកំពុងធ្វើការនៅទីនោះនាំគ្នារត់ចេញក្រៅយ៉ាងប្រសេចប្រសាច ព្រោះតែខ្លាចមានគ្រោះថ្នាក់ ម្យ៉ាងផ្សែងភ្លើងហុយវិលវល់ពេញក្នុងអគាររោងចក្រពិបាកដកដង្ហើម ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ការឆាបឆេះនោះ សង្ស័យបង្កឡើងដោយកម្ទេចផ្កាភ្លើងដែលជាងផ្សាដែកជ្រុះធ្លាក់លើក្រណាត់និងស្បែក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតកាបូបនោះ ។ ដោយឡែក នៅក្នុងអគារនោះ ក៏មានកម្មករ កម្មការិនីរាប់រយនាក់ កំពុងធ្វើការផងដែរ ហើយនៅពេលកំពុងធ្វើការសុខៗ ស្រាប់តែមានភ្លើងឆេះបែបនេះ ធ្វើឲ្យពួកគេមានការភិតភ័យ រួចក៏បាននាំគ្នារត់ចេញក្រៅអគារ ដើម្បីគេចចេញពីគ្រោះថ្នាក់ ។
ប្រភពដដែល បានប្រាប់ទៀតថា ក្នុងនោះក៏មានកម្មករមួយចំនួនទៀត បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរ ប៉ុន្តែពន្លត់អត់រលត់ឡើយ ពេលនោះអាជ្ញាធរនិងសមត្ថកិច្ចស្រុកអង្គស្នួលចេញអន្តរាគមន៍ ។ ចំណែករថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងមកពីបណ្ដាអង្គភាពនានា បានចេញទៅពន្លត់ ទើបរលត់ទៅវិញ បន្ទាប់មក អ្នកគ្រប់គ្រងរោងចក្រ បានប្រកាសឲ្យកម្មករ កម្មការិនី ចូលធ្វើការវិញជាធម្មតាវិញ ៕