ខេត្តកណ្តាល ៖
មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលរថយន្តមួយចតអែបក្បែរផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀតបើកទៅបុកពីក្រោយ បណ្តោយឲ្យកៀបអ្នកអង្គុយក្បែរតៃកុងរថយន្តស្លាប់បាត់បង់ជីវិតនៅក្នុងកាប៊ីនរថយន្ត រីឯ តៃកុងរថយន្ត រងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រលេខ ១៤-១៥ មហាវិថីស៊ីជីងពីង ( ផ្លូវក្រវាត់ក្រុងទី០៣ ) ស្ថិតក្នុងភូមិលេខ ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ប្រភេទដឹកទំនិញធុនធ្ងន់ ពាក់ស្លាកលេខពោធិ៍សាត់3A-0813 បើកបរដោយឈ្មោះ សៅ ស៊ីថា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ និងមានអ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ ខុន ភា ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវប្អូនថ្លៃ បើកបរទិសដៅពីលិច ទៅ កើត ។
ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានងងុយដេក រួចជ្រុលចង្កូតបុកពីក្រោយរថយន្តមួយគ្រឿងទៀតដែលឈប់ចតលើទ្រូងផ្លូវអែបខាងស្ដាំ ម៉ាក HYUNDAI ពណ៌ស ប្រភេទក្បាល សណ្ដោង ពាក់ស្លាកលេខ ភ្នំពេញ3E-6706 និងមានសណ្ដោងសឺមីរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ4A-5891 បណ្ដាលឲ្យអ្នករួមដំណើរខាងរថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខ ពោធិ៍សាត់ ឈ្មោះ ខុន ភា ភេទប្រុស គៀបជាប់ក្នុងកាប៊ីនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើករថយន្តឈ្មោះ សៅ ស៊ីថា រងរបួសស្រាលនិងត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
សព ត្រូវបានផ្នែកជំនាញធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះការខូចខាតគឺ រថយន្តចំនួន០២គ្រឿង (ធ្ងន់ ០១គ្រឿង) ។ ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕