ឯកឧត្តម មបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤ គឺជាការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យកីឡារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូបានចូលរួមរៀបចំកម្មវិធីប្រកួតកីឡាជាតិ    លើកទី៤នេះ ដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាពរបស់ក្រុមកីឡាករ កីឡាការិនីត្រៀមជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ។

ថ្លែងក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា តាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតឃើញថា កីឡាករ កីឡាការិនីទាំងអស់បានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជម្នះ នាពេលនេះ។ ហើយកីឡាករ កីឡាការិនី ដែលពុំទទួលបានជ័យលាភី នៅពេលនេះ កុំអស់សង្ឃឹម សូមត្រៀមខ្លួនសម្រាប់ការប្រកួតលើកក្រោយទៀត។     ទន្ទឹមនឹងនេះ ឯកឧត្តម បណ្ឌិត បានផ្តាំផ្ញើដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី សូមគោរពតាមការណែនាំរបស់គណៈកម្មការប្រកួត ដើម្បីរក្សាបាននូវគោលការណ៍ Fair Play រួមទាំងជួយផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូWTឱ្យបានទូលំទូលាយទូទាំងប្រទេស ក៏ជាការរួមចំណែកជួយផ្សព្វ ផ្សាយនូវពាក្យស្លោក មនុស្សម្នាក់ត្រូវលេងកីឡាមួយមុខប្រចាំជីវិត  និងកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាពផងដែរ ។

បើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូបានឱ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូ WT ក្នុងការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤បានចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រសួង រាជធានី-ខេត្តចូលរួមសរុបមានចំនួន១៨។ ការប្រកួតកីឡាតេក្វាន់ដូWT នេះដំណើរការប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព សុខភាពដល់អ្នកចូលរួម និងថ្លែងអំណរគុណដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់គោរពបាននូវបទបញ្ជាប្រកួតបានល្អប្រសើរ ។

គួរបញ្ជាក់ថា ក្នុងចំណោម២០វិញ្ញាសា ដែលដាក់ឱ្យប្រកួត គឺក្រសួងមហាផ្ទៃដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយសរុប ១២ (មាស ១០ ប្រាក់១ និងសំរឹទ្ធ១), លេខ២ ក្រសួងការពារជាតិ មេដាយសរុប ១០ (មាស ៣ ប្រាក់៥ និងសំរឹទ្ធ២) និងលេខ៣ ខេត្តបាត់ដំបង មេដាយសរុប៨គ្រឿង មានមាស ២ ប្រាក់៣ និងសំរឹទ្ធ៣គ្រឿង ខណៈខេត្តកំពង់ចាម ព្រៃវែង ទទួលបានមេដាយមាស២គ្រឿងដូចគ្នា និងប៉ៃលិន ទទួលបានមេដាយមាស១គ្រឿង។ ក្រៅពីនេះ ខេត្តមួយចំនួនទៀតទទួលបានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ និងឈរនៅលេខរៀងបន្តបន្ទាប់ ៕