រាជធានីភ្នំពេញ ៖
យុវជនម្នាក់ បានបាក់ក ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវជនប្រុសស្រីរួមដំណើរជាមួយ២នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីពួកគេ ជិះម៉ូតូឌុបគ្នាឆ្លងស្តុបផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្តម៉ាកតូយូតាព្រូស បើកឆ្លងស្តុបដូចគ្នា ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២:២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចស្តុបសាលាព្រះយុគន្ធរស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុកែងនិងផ្លូវ ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក តូយូតាព្រូស ពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរចេញពីផ្លូវ១០៥ក្នុងទិសដៅពីជើងមកត្បូងឆ្លងស្តុបផ្លូវបំបែកជាបួន។ ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1I-0084 ជិះដោយយុវជនរងគ្រោះប្រុសស្រី៣នាក់ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ជិះមកដល់ចំណុចកើតហេតុឆ្លងស្តុបផ្លូវបំបែកជាបួនមិនបានប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តតូយូតាព្រូស ចំពីចំហៀងខាងឆ្វេងផ្នែកតាគាក ខាងក្រោយយ៉ាងពេញទំហឹង ធ្វើឲ្យយុវជនម្នាក់បោកក្បាលនៅនិងផ្លូវស្លាប់ភ្លាមៗ ។
ចំណែកឯយុវជនប្រុសស្រី២នាក់ទៀតរួមដំណើរជាមួយ បានរងរបួសធ្ងន់ត្រូវបានពលរដ្ឋជិតខាង ជួយទាក់ទងទៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ហើ។ ចំណែករថយន្តតូយូតាព្រូសមិនបានឈប់ដោះស្រាយនោះទេ បានបន្តល្បឿនបើករត់គេចពីកន្លែងកើតហេតុទៅមុខ ក៏ជ្រុលទៅបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាក រងការខូចខាត ហើយ រថយន្ត នៅតែបន្តល្បឿនបើកគេចចេញពីចំណុចកើតហេតុបាត់ស្រមោលតែម្ដង ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ជាបណ្តោះអាសន្ន ចំណែកសព សមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។ រីឯរថយន្តវិញ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវតាមរកនៅពេលក្រោយដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់ ៕