ខេត្តកំពង់ធំ ៖
មន្ត្រីនគរបាលម្នាក់ ត្រូវបានជនសង្ស័យកាប់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នា រួចមក ហើយ ករណីនេះ បានកើតមានឡើងនៅម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទួលភ្នៀត ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថាឃាតកម្មយ៉ាងព្រៃផ្សៃនេះ បង្កដោយជនសង្ស័យឈ្មោះ ផន ប៊ុនរិត ភេទប្រុស អាយុ ៣៤ឆ្នាំ ដែលរស់នៅភូមិ/ឃុំកើតហេតុខាងលើ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក ជនរងគ្រោះឈ្មោះម៉េង សេងទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ (ជាមន្ត្រីនគរបាល) រស់នៅភូមិឃុំជាមួយជនសង្ស័ង បានស្លាប់នៅកន្លែងកើតហេតុ ។
ប្រភពដដែល ឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមកដល់ចំណុចមុខផ្ទះរបស់ វ៉ាន់ សុជាតិ ភេទស្រី ខណៈជនសង្ស័យកំពុងអង្គុយផឹកស្រាម្នាក់ឯង។ ពេលជនរងគ្រោះ ចុះពីម៉ូតូ មកអង្គុយក្បែរជនសង្ស័យ មានការទាស់ទែងពាក្យសម្តីជាមួយគ្នា ភ្លាមនោះ ជនសង្ស័យ រត់ទៅយកកាំបិតផ្គាក់ពីផ្ទះរបស់ខ្លួន មកកាប់ប្រហាជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនិងកន្លែងតែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងសហការស្រាវជ្រាវ បន្តស្វែងរកជនសង្ស័យ ដើម្បីនាំមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕