រាជធានីភ្នំពេញ ៖ 

ក្មេងប្រុសម្នាក់ខណៈចេញពីរៀន ជិះម៉ូតូជិះម៉ូតូឆ្លងផ្លូវចូលទៅផ្ទះ ក៏ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាស៊ីណា១គ្រឿង បើកបរដោយបុរសជនជាតិចិន ក្នុងល្បឿនលឿនទៅដល់បុកពេញទំហឹង ប៉ើងខ្ទាតច្រើម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាម មហាវិថីស៊ីជីនពីង មុខវត្តគោខ្សាច់ ក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្មេងប្រុសរងគ្រោះខាងលើនោះឈ្មោះណាំង បញ្ញា អាយុ១៦ឆ្នាំ រៀននៅវិទ្យាល័យពងទឹក មានទីលំនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1HI-6738 ចេញពីសាលាឆ្ពោះទៅផ្ទះ ធ្វើដំណើរតាមមហាវិថីស៊ីជីនពីង ក្នុងទិសដៅពីត្បូងទៅជើង ។ 

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវចូលទៅផ្ទះ ក៏ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាស៊ីណា១គ្រឿង ពាក់ស្លាកលេខភ្នំពេញ2BD-0596 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងល្បឿនលឿនពីជើងទៅត្បូង  ទៅដល់បុកពេញទំហឹង បណ្ដាលឲ្យខ្ទាតច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្ដង ។

ប្រភពដដែល បានឲ្យដឹងទៀតថាខណៈនោះ ម៉ូតូរងការខូចខាត ខ្ទេចខាងក្រោយដាច់កន្ទុយនិងស្លាកលេខមកដី ចំណែករថយន្ត បានឈប់ស្ងៀម ហើយអ្នកបើកបរជាជនជាតិចិនខាងលើ ត្រូវបាននគរបាលឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍ភ្លើងឆេះរទេះ ។ ក្រោយពេលកើតហេតុ នគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕