រាជធានីភ្នំពេញ ៖ 

ក្មេងប្រុសសិស្សវិទ្យាល័យទួលអំពិល២នាក់បងប្អូនជីដូនមួយ បានជិះម៉ូតូ១គ្រឿង ឌុបគ្នាទៅបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលា ប៉ុន្តែជាអកុសល បានជួប ឧប្បត្តិគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ បណ្ដាលឲ្យប្អូនស្លាប់ រីឯបង របួសស្រាល ។ ឧប្បត្តិហហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ក្មេងប្រុសរងគ្រោះដែលស្លាប់ខាងលើនោះ មានឈ្មោះ ហុង តាក់វណ្ណឆៃ អាយុ១៣ឆ្នាំ ជាសិស្សវិទ្យាល័យទួលអំពិល ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថានៅមុនកើតហេតុ ក្មេងប្រុសទាំង២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-2304 ឆ្នាំ២០១៥ ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតគ្នាជាមួយម៉ូតូម៉ាកហុងដា វ៉េវ មួយគ្រឿងទៀត ដែលជិះដោយបុរសម្នាក់កំពុងឆ្លងផ្លូវ បណ្ដាលឲ្យដួលខ្ទាតប្រមាណជាង១០ម៉ែត្រទៅកណ្ដាលផ្លូវ ។

ប្រភពដដែល បានឲ្យដឹងបន្តទៀតថាស្របពេលនោះនោះក៏មានរថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿងទៅដល់កិន បណ្ដាលឲ្យក្មេងប្រុសដែលជាប្អូនស្លាប់ភ្លាមៗនៅនិងកន្លែង រីឯ បងប្រុសរងរបួសស្រាល ។ ចំណែកឯភាគីម៉ូតូហុងដា វ៉េវ ក៏រងរបួសស្រាលដែរ ហើយ ភ្លាមៗនោះរថយន្តព្រូស បានបើករត់គេចបាត់ស្រមោលតែម្ដង ។

ក្រោយកើតហេតុ នគរបាលការិយាល័យចរាចរផ្លូវគោកនៃសង្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងរួចនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយ ព្រមទាំងបន្តធ្វើការស្រាវជ្រាវរករថយន្តព្រូសដែលកំពុងរត់គេច និងបានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕