រាជធានីភ្នំពេញ ៖ 

រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហុក ពៅ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យ ចំនួន៣នាក់ទៀត ដែលការឃុំខ្លួននោះ ត្រូវបានដាក់ពន្ធនាគារ ដោយឡែកពីគ្នា ។ 

ប្រភពព័ត៌មានឲ្យដឹងថាលោកមួង ឃីម អតីតផ្កាយ៣ អនុប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៍ក្រសួងមហាផ្ទៃ “ចូលនិវត្ត” ឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ។ លោកឧកញ៉ា អ៊ុត ធី ថៅកែជំនួញថ្មភ្នំ ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ”ម១” ហៅព្រៃ.ស ។ ចំណែកឯលោក ឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិសាត់ ឃុំខ្លួននៅពន្ធនាគាររាជធានី ភ្នំពេញ ហៅថា”PJ” ។ តាមព័ត៌មានឲ្យដឹងថាលោក កាយ សុខកាន អតីតអភិបាលក្រុងល្វាឯម និងមានបក្ខពួក ប្រមាណ ៥នាក់ទៀត តុលាការ កំពុងបន្តនីតិវិធី នៅឡើយ ។ 

យោងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនិងករណីជំនួញឥទ្ធិពលសកម្ម និងជំនួញឥទ្ធិពលអកម្មនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៥៦ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននិងករណីជំនួញឥទ្ធិពលសកម្ម, ជំនួញឥទ្ឋិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ឋិពលអកម្ម ដែលមាន ជនត្រូវចោទមានខ្លួនចំនួន ២នាក់ គឺ ១.ឈ្មោះ អ៊ុត ធី ភេទប្រុស អាយុ ៦៦ឆ្នាំ ត្រូវបាន ចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលសកម្ម និង២.ឈ្មោះ មួង ឃឹម ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទជំនួញឥទ្ធិពលអកម្ម ព្រមទាំងមានជនត្រូវចោទចំនួន ២នាក់ទៀត គឺ ១.ឈ្មោះ ដួង ដារា ភេទប្រុស អាយុ ៥៦ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម និង២.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងបទជំនួញ ឥទ្ធិពលអកម្ម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ មាត្រា ៦០៦ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ ។ 

ដោយឡែក លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់ដោយយកប្រាក់ចំនួន 57 ម៉ឺនដុល្លារទៅឲ្យលោកលីសាម៉េតនិង លោក ឡាចសំរោងសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលខេត្ត ៕