ខេត្តកណ្ដាល ៖ 

រថយន្តHYUNDAI STAREX(ហ៊ីយ៉ាន់ដាយ ស្តារិច) មួយគ្រឿងបើកបរក្នុងល្បឿនលឿន ដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៣-១៤ លើមហាវិថីស៊ីជិនពីង នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបុកពីក្រោយម៉ូតូ២គ្រឿងបណ្ដាលឲ្យរងរបួសធ្ងន់ និង ស្រាល ២នាក់ នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤ ។

បើតាមសមត្ថកិច្ច ឲ្យដឹងថានៅវេលាកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2BT-3924 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកតាមបណ្ដោយមហាវិថីស៊ីជិនពីង ទិសដៅពីលិចទៅកើត ។

លុះពេលដល់ចំណុចកើតហេតុ ក៌បានបុកពីក្រោយម៉ូតូពីរគ្រឿង ដោយម៉ូតូទី១.ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1Q-1065 បើកបរដោយឈ្មោះ នៅ ត្រឹង ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ  ។

ម៉ូតូទី២.ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1X-9495 បើកបរដោយឈ្មោះ ម៉ាន់ ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ រងរបួសស្រាល ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅគ្លីនិកឯកជនដោយខ្លួនឯង ។

ចំពោះមធ្យោបាយពាក់ព័ន្ធខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ មូលហេតុករណីគ្រោះខាងលើ គឺបណ្ដាលមកពីអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕