រាជធានីភ្នំពេញ ៖
ផ្ទះលក់កាហ្វេនិងផ្សារដែក ធ្វើពីឈើលើថ្មក្រោម មួយខ្នង ស្ថិតនៅខាងកើតវត្តក្រាំងធ្នង់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរងការខូចខាតទាំងស្រុងនិងឆេះរាលដាលទៅផ្ទះ២ខ្នងទៀត ដែលនៅជាប់គ្នានោះ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលេខ ១៩៦២ ខាងកើតវត្ត ក្រាំងធ្នង់ ក្នុងភូមិ ព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះដើមភ្លើង ជាអ្នកជួលស្នាក់នៅ ឈ្មោះ អ៊ន់ រដ្ឋា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជាងដែកនិងមានប្រពន្ធលលក់កាហ្វេ ។
តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីផ្ទះផ្សារដែកនិងលក់កាហ្វេ ដែលធ្វើអំពីឈើលើថ្មក្រោម នៅចំណុចផ្លូវកែង យ៉ាងសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អែលដល់អ្នកក្បែរខាង នាំគ្នាជួយពន្លត់និងទាក់ទងហៅ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍។ នៅក្នុងហេតុការណ៍នេះ ភ្លើង បានឆាប់ឆេះយ៉ាងរហ័ស បណ្ដាលឲ្យផ្ទះចំនួន២ខ្នងដែលមានម្ចាស់តែមួយ រងការខូចខាតទាំងស្រុង និង ឆេះរាលដាលទៅផ្ទះមួយខ្នងទៀត ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយ ភ្លើង បានរលត់ទៅវិញនៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃដដែល ។
ទាក់ទិននិងការកើតមានអគ្គិភ័យនេះ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕