បាត់ដំបង ៖ 

កម្លាំងប្រចាំការកន្លែងអភិរក្សជលផលកំពង់ភ្លុកជលផល និងកម្លាំងសហគមន៍នេសាទ សរុប១៧នាក់ ប្រើប្រាស់មធ្យោបាយកាណូត ០៣គ្រឿង បានបន្តចុះរុះរើកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់០៤ករណី នៅក្នុងមូលដ្ឋានស្រុកឯកភ្នំ ។

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានបញ្ជាក់ថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ខាងលើនេះធ្វើឡើងពេញមួយថ្ងៃ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកោះជីនក់ ,អូរដងក្តារ ,ករហាល និងរហាល(អតីតឡូត៍៤) ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង  ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ មន្ត្រីជំនាញបានរុះរើកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់បាន០៤ករណី ដែលប្រើឧបករណ៍នេសាទក្នុងដែននេសាទសហគមន៍ខុសពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ដែលជាលទ្ធផលមន្ត្រីជំនាញបានកាប់បំផ្លាញចោល ,សាច់មង ៣៦០០ម៉ែត្រ ,បង្គោល ៧០០ដើម ,ឡុកចាប់ត្រី ២៤គ្រឿង និងប្រលែងកូនត្រីចម្រុះប្រមាណចំនួន ៧០គីឡូក្រាមផងដែរ ៕