ភ្នំពេញ ៖
សន្តិសុខយាមបុរីម្នាក់ ខណៈធ្វើដំណើរឆ្លងកាត់ដីវាលមួយកន្លែងស្ថិតនៅភូមិស្រីស្នំ. សង្កាត់ព្រែកកំពិស. ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ស្លាប់ដោយចង ក នៅលើដើមអំពិល បង្កឲ្យមានការភ្ញាក់ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក. ថ្ងៃទី២៧ ខែវិច្ឆិកា. ឆ្នាំ២០២៤ ។
សពបុរសខាងលើ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយបុរសនោះ សម្បុរខ្មៅ ពាក់អាវយឺតដៃខ្លី ពណ៌ស ស្លៀកខោខាវប៊យ ពណ៌ខៀវ ពាក់មួកស្រាបៀគ្រុឌ ហើយនៅខាងក្រោមដើមអំពិលមានបន្សល់ទុកកង់មួយគ្រឿងនិងស្បែកជើងស៊ក១គូ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាព្រឹកកើតហេតុ ខណៈពេលបុរសជាសន្តិសុខម្នាក់ដើរយាមខាងក្រោយបុរី ស្រាប់តែប្រទះឃើញសពបុរសម្នាក់នោះស្លាប់ដោយចងក នៅលើដើមអំពិល ។ ពេលនោះសន្តិសុខខាងលើ ក៏បានស្រែកប្រាប់អ្នកភូមិ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។
ក្រោយពេលទទួលបានព័ត៌មាននោះហើយ នគរបាលប៉ុស្តិ៍ព្រែកកំពឹស បានចុះទៅយកខ្សែចងហ៊ុមព័ទ្ធនៅទីតាំងកើតហេតុខាងលើ និងបានរាយការណ៍ទៅកាន់កម្លាំងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសព ហើយ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាសពបុរសខាងលើ ពិតជាបានធ្វើអត្តឃាតចង សម្លាប់ខ្លួនឯងពិតប្រាកដមែន ៕