រាជធានីភ្នំពេញ ៖
បុរសជាអ្នកដឹកជញ្ជូនក្រុមហ៊ុន wow nowម្នាក់ បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បន្សល់ទុកតែម៉ូតូមួយគ្រឿងនិស្បែកជើង។ ភ្លាមៗ គេស្មានថាលិចបាត់ តែក្រោយមក នាំប្រពន្ធទៅយកម៉ូតូវិញ ។
ការធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ ២០២៤ នេះនៅចំណុចលើស្ពានជ្រោយចង្វារចាស់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បុរសដែលគិតខ្លីនោះ ត្រូវបានមិត្តភក្កិប្រាប់ឲ្យដឹងថាមានឈ្មោះ ផា អាយុប្រមាណជាង២០ ឆ្នាំជាអ្នកដឹកជញ្ជូនក្រុមហ៊ុន wow now ជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ១IM០៨០៦ ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរូបនោះ បានជិះម៉ូតូដឹកកេះក្រុមហ៊ុនដឹកជញ្ជូនខាងលើ ធ្វើដំណើរឡើងស្ពានជ្រោយចង្វារក្នុងទិសដៅពីលិចទៅកើត។ នៅពេលធ្វើដំណើរជិតដល់កណ្ដាលស្ពាន ក៏បានឈប់ម៉ូតូ រួចលោតទឹកសម្លាប់ខ្លួនទៅក្នុងទន្លេតែម្ដង ។
តាមសាក្សី បានឲ្យដឹងទៀតថាបន្ទាប់ពីលោតទឹកនោះ គេឃើញយុវជននោះ បានហែលទឹកមួយសន្ទុះ រួចលិចបាត់ទៅក្នុងទន្លេ បន្សល់ទុកតែម៉ូតូនិងស្បែកជើងនៅលើស្ពាន ។
ភ្លាមៗនោះ គេឃើញមិត្តភក្កិជនរងគ្រោះដែលជាអ្នកធ្វើការដឹកជញ្ជូនដូចគ្នា បានមកដល់នៅលើស្ពានជ្រោយចង្វារ ហើយ បានឲ្យដឹងថាមូលហេតុដែលធ្វើអោយយុវជននោះគិតខ្លីដោយសារវិបត្តិគ្រួសារ ។
បន្ទាប់ពីភ្ញាក់ផ្អើលនគរបាលមូលដ្ឋានសង្កាត់ស្រះចក ក៏បានចុះទៅកន្លែងកើតហេតុ រួចនាំយកម៉ូតូទៅរក្សាទុកដើម្បីប្រគល់ឲ្យក្រុមគ្រួសារ។ លុះក្រោយមក ស្រាប់តែបុរសរូបនោះមិនទាន់ស្លាប់ទេ ក៏បាននាំប្រពន្ធទៅយកម៉ូតូវិញ ៕