ខេត្តកំពង់ស្ពឺ ៖
ព្រះសង្ឃ និងគ្រហស្ថ សរុបចំនួន៧អង្គ-នាក់ ត្រូវបានប្រជាពលរដ្ឋ និងកម្លាំង សមត្ថកិច្ចឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ធ្វើការចាប់ខ្លួន ខណៈដែលកំពុងតែប្រមូលម្តុំគ្នា ផឹកស្រា ក្លែមសាច់ និងចាក់ធុងបាស់កំសាន្ត ដើម្បីអបអរសាទរក្នុងឱកាសអកអំបុក ឈាន ដល់រំលងអាធាត្រចូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងព្រៃ ក្នុងឃុំភ្នំតូច ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
តាមការឱ្យដឹងពីមន្ត្រីនគរបាលថា នៅមុនពេលឃាត់ខ្លួនព្រះសង្ឃ និងគ្រហស្ថទាំង ៧អង្គ-នាក់ខាងលើនេះ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើង នាំគ្នាផឹកស៊ីនៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានចាក់ធុងបាស់កងរំពង ។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យតែម្តង បានចុះឡោមព័ទ្ធចាប់ខ្លួន សង្ឍ និង គ្រហស្ថបក្ខពួកបរិវាប្រមាណ៧នាក់ ព្រមទាំងដកហូតបាន ម៉ូតូចំនួន៣គ្រឿង ផងដែរ។
ក្រោយឃាត់ខ្លួនព្រះសង្ឃ និងគ្រហស្ថសរុប៧អង្គ-នាក់រួចមក សមត្ថកិច្ចនគរបាល បាន បញ្ជូនទៅកាន់ការិយាល័យធម្មការស្រុកសាមគ្គីមុនីជ័យ ដើម្បីផ្សឹក និងចាត់ការបន្ត តាមផ្លូវច្បាប់ ៕