ភ្នំពេញ ៖

ស្រ្តីចំណាស់ម្នាក់ បានបាត់ខ្លួនអស់រយៈពេល១អាទិត្យកន្លងមកហើយ, កូនចៅ ក្រុមគ្រួសារសាច់ញាតិ តាមរកគ្រប់ច្រកល្ហក ប៉ុន្តែពុំបានឃើញទាល់តែសោះ។ ដោយឡែក នៅវេលាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កូនស្រីទី២របស់គាត់ម្នាក់ បានកាន់រូបថតរបស់គាត់ ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីសុំឲ្យអាជ្ញាធរជួយរកផងដែរ ។

ស្រ្តីចំណាស់ដែលបានបាត់ខ្លួនច្រើនថ្ងៃមកហើយនោះ ឈ្មោះ ទង់ ស៊ន អាយុ៦៥ឆ្នាំ មានទីលំនៅភូមិស្ពឺ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។ 

បើតាមស្រ្តីម្នាក់ឈ្មោះយាន វណ្ណៈ អាយុ៣៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ សព្វថ្ងៃ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវជាកូនស្រីទី២របស់គាត់ បាននិយាយថា ម្ដាយនាង បានបាត់ខ្លួន១អាទិត្យមកហើយ។ ដោយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកម្ដាយ បានធ្វើដំណើរចាកចេញពីផ្ទះនៅខេត្តកំពង់ចាម ទៅបុណ្យកឋិនទាននៅឯខេត្តតាកែវ ហើយបានទៅលេងនិងស្នាក់នៅផ្ទះប្អូនថ្លៃរបស់គាត់ម្នាក់ឈ្មោះ ខាន់ គឹម ស្ថិតនៅភូមិ វះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ១យប់សិន ព្រោះមិនទាន់ដល់ថ្ងៃបុណ្យ  ។ 

កូនស្រីដដែល បាននិយាយបន្តទៀតថាលុះដល់ថ្ងៃទី១៤ ខែវិច្ឆិកា ទើបចេញទៅបុណ្យកឋិននៅក្នុងវត្តមួយកន្លែង ស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវនោះដែរ ប៉ុន្តែទើបតែចូលដល់រោងបុណ្យ ម្ដាយនាងមានអាការៈមិនស្រួលខ្លួន។ បន្ទាប់មក ម្ដាយមីងរបស់នាងម្នាក់ ក៏បានឲ្យម៉ូតូកង់បីម្នាក់ដែលជាអ្នករស់នៅក្នុងភូមិជាមួយគាត់ ឲ្យដឹកម្ដាយនាងត្រលប់ទៅរបស់គាត់ (ផ្ទះម្ដាយមីងនាង) ។

នាង បាននិយាយទៀតថា រហូតដល់វេលាល្ងាចថ្ងៃដដែល ទើបដឹងថាបាត់ម្ដាយ ក៏មានការភ្ញាក់ផ្អើឆោឡោ ហើយនាំគ្នាដើរតាមស្វែងរកគ្រប់ច្រកល្ហក ប៉ុន្តែមិនបានរកឃើញនោះឡើយ។ ក្រោយមក បានសាកសួរអ្នករត់កង់បីដែលដឹកម្ដាយនាងនោះ ហើយអ្នករត់កង់បីប្រាប់ថា បានដឹកម្ដាយនាងទៅដល់ផ្ទះប្អូនស្រីគាត់នៅក្នុងភូមិវះពោះ នោះហើយ ប៉ុន្តែពេលទៅដល់ ម្ដាយនាងអត់ព្រមចុះទៅផ្ទះនោះទេ ដោយគាត់និយាយថាផ្ទះនោះមិនមែនផ្ទះប្អូនស្រីគាត់ឡើយ ។ បន្ទាប់មក ម្ដាយនាងក៏បានឲ្យអ្នករត់កង់បីខាងលើ ដឹកបន្តទៅកាន់ផ្លូវជាតិលេខ២ ហើយពេលទៅដល់ត្រង់ចំណុចផ្លូវរថភ្លើងមួយកន្លែង បានប្រាប់ឲ្យឈប់និងបានចុះនៅទីនោះ ក្រោយមក អ្នករត់កង់បីក៏មិនបានដឹងថា ម្ដាយនាងទៅណាឡើយ ៕