ពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ បានបើកជាផ្លូវការណ៍ហើយ កាលពីល្ងាចថ្ងៃទី ២៥ វិច្ឆិការ ឆ្នាំ ២០២៤សាលសន្និសីទចតុមុខ ដោយមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនបានអញ្ជើញចូលរួម ។
ថ្លែងក្នុងពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាព ទេពកោសល្យក្នុងវិស័យភាពយន្ត សម្រាប់បច្ចុប្បន្ន និងអនាគត។ លោកក៏បានបន្ថែមថា យុវជនទាំងអស់បានចូល រួមចំណែក យ៉ាង សកម្ម ក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកប ដោយ គំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់នូវអត្ថន័យ ខ្លឹមសារ អប់រំ សីលធម៌ គុណធម៌ និង អត្តសញ្ញាណជាតិ ដែល សកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបាន ចូលរួម ចំណែកយ៉ាង សំខាន់ ក្នុងការថែរក្សា ការពារ វប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ ជាតិយើង ។
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងធ្វើការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីចំនួន ៥៨ស្នាដៃ នៅតាមបណ្តារោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយអនុញ្ញាតអោយទស្សនិកជនចូលទស្សនាដោយសេរីព្រមទាំងអាចបោះឆ្នោតជ្រើសរើសភាពយន្តដែលខ្លួនពេញចិត្តដើម្បីទទួលពានរង្វាន់ភាពយន្តមានអ្នកគាំទ្រច្រើន ៕