រាជធានីភ្នំពេញ ៖
បុរសដែលប្រើកាំបិតប៉័ងតោ កាប់ទៅលើបុរសម្នាក់ឲ្យរងរបួសនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃឃាត់ខ្លួនបានហើយ ។ ជនសង្ស័យរូបនោះ ឈ្មោះថា សេន អាយុ២០ជាង ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកមកហើយ ពីបទ អំពើហិង្សា កាប់ចាក់បែបនេះ ។
បន្ទាប់ពីមានការចែកចាយវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពរវាងជនសង្ស័យ និងជនរងគ្រោះ ដោយសារមានរថយន្តប្រមូលសំរាម មកប្រមូលត្រង់ចំណុចជនសង្ស័យឈប់ម៉ូតូហើយកំពុងចុចទូរស័ព្ទ ពេលនោះជនរងគ្រោះក៏ជិះម៉ូតូឌុបស្ត្រីម្នាក់ ។ ដោយស្ទះឡានដឹកសំរាម ម៉ូតូជនរងគ្រោះ ក៏ជិះមកផ្លូវម្ខាងទៀត ដើម្បីសុំផ្លូវម៉ូតូរបស់ជនសង្ស័យ ដើម្បីធ្វើដំណើរទៅមុខទៀត តែជនសង្ស័យមិនព្រមជៀស ហើយក៏មិនខ្វល់ រហូតបង្កជាពាក្យសម្តី ។
រួចជនសង្ស័យ ក៏បានធាក់ម៉ូតូជនរងគ្រោះ រហូតបង្កជាករណីអំពើហិង្សា ដោយជនសង្ស័យយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះ រួចជនរងគ្រោះក៏បានតដៃគ្នាទៅវិញទៅមក ។ ពេលនោះជនសង្ស័យ ក៏បានដកកាំបិតបុ័ងតោ ចេញពីក្នុងកាបូប រួចកាប់ទៅលើបុរសជនរងគ្រោះ បណ្តាលឲ្យរងរបួសដៃ និង ចុងដង្ហើម ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ។ មិនតែប៉ុណ្ណោះ ជនសង្ស័យ បានយកកាំបិតទៅកាប់ជញ្ជ្រាំមម៉ូតូជនរងគ្រោះជាច្រើនកាំបិត រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង ។
រហូតនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២៤នេះ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា តាមឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចផ្ទះជនសង្ស័យ ក្នុងបុរីកីឡា សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បច្ចុប្បន្ន នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបញ្ជូនខ្លួនជនសង្ស័យយកទៅធ្វើការសួរនាំ និង ចាត់ការតាមនីតិវិធីច្បាប់ ៕