ខេត្តកណ្តាល ៖ 

ម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលឲ្យបុកជាមួយរថយន្ត ព្រូស បណ្ដាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់និងស្រាលចំនួន ០៣នាក់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៨:១០នាទី នៅលើកំណាត់ផ្លូវលេខ១២១០ ស្ថិតក្នុង ភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង  ខេត្តកណ្តាល ។ 

សមត្ថកិច្ច បានឲ្យដឹងថាមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាក តូយូតាព្រូស (Toyota Prius) ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ2CA-4147 បើកបរដោយឈ្មោះ ឈុន លន ភេទប្រុស មុខរបរ អ្នកបើកបរឡានពេទ្យ មានទីលំនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានបើកបរចេញពីកន្លែងលាងក្នុងទិសដៅពីលិចទៅកើត ។

ពេលបើកបរដល់ពាក់កណ្ដាលទ្រូងផ្លូវ ក៏មានម៉ូតូមួយគ្រឿងម៉ាក X R ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CP-2461 បើកបរដោយឈ្មោះ ស្រ៊ុន សេងហុង ភេទប្រុស អាយុ17ឆ្នាំមុខរបរ កសិករ មានទីលំនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល និងមានអ្នករួមដំណើរចំនួនពីរនាក់ បានបុករថយន្តដែលកំពុងបើកឆ្លងផ្លូវយឺត ៗពេញមួយទំហឹង បណ្ដាលឱ្យម៉ូតូដួលនៅក្បែរឡាន ចំណែកអ្នកបើកបរនិងអ្នករួមដំណើរ បានផ្លោងខ្ទៀតចេញពីម៉ូតូ បណ្តាលឲ្យភាគីម៉ូតូរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។  ចំណែកអ្នករងរបួសទាំង០៣នាក់ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យរៀង ៗខ្លួន ៕