មហាព្រឹត្តិការណ៍គុនខ្មែរមិត្តភាពអន្តរជាតិ “ហនុមាន” បានបញ្ចប់ដោយជោគជ័យកាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២៤ ក្រោមការចូលរួមទស្សនាពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករនៅសាលកីឡាសម្តេចពិជ័យសេនា ។ មុនចាប់ផ្តើមកម្មវិធីប្រកួត ឯកឧត្តមនាយឧត្តមសេនីយ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញជាអធិបតីបើកកម្មវិធីផងដែរ ។
យ៉ាងណាមិញ នៅល្ងាចនោះ មានការប្រកួតសរុបទាំងអស់ចំនួន ៨គូ ដោយចាប់ផ្តើមចេញពីគូកីឡាការិនីដែលជាគូទី១ ធ្វើការប្រកួតក្នុងទម្ងន់ ៥១គីឡូក្រាម ខណៈកីឡាការិនី ធន់ ស្រីពេញ បានយកឈ្នះពិន្ទុកីឡាការិនី រិទ្ធី វ៉ាន់និច ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញអស់ពេញ ៣ទឹក ។
គូទី២ ប្រកួតក្នុងទម្ងន់ ៥១គីឡូក្រាមដូចគ្នា កីឡាករ ធន់ វិស្នុ ប្រកួតចាញ់ពិន្ទុកីឡាករ សាយ ថៃដេ។ចាប់ពីគូទី៣ តទៅគឺគូជាមិត្តភាពអន្តរជាតិ ក្នុងទម្ងន់ ៥៤គីឡូក្រាម កីឡាករ ប៊ុន សុធា បានយកឈ្នះពិន្ទុកីឡាករវៀតណាម ឡេ ហ្វ៊ុក ហាវ ។ និងទី៤ ប្រកួតក្នុងទម្ងន់ ៥៧គីឡូក្រាម កីឡាករ ធន់ ផានិត មិនចំណាយពេលយូរឡើយ ដោយបានទាត់កីឡាករវៀតណាម ង្វៀង ទៀន ផាត ឲ្យខូចជើងនៅត្រឹមទឹកទី១។
ហើយគូទី៥ ប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាម គូនេះក៏មិនខុសពីគូទី៤ ដែរ ដោយ កីឡាករ ធន់ អៀនឡៃ ប្រើពេលត្រឹមតែ ១ទឹកដូចគ្នាក្នុងការផ្តួលកីឡាករឡាវ ឆៃសេង ថងនីន តាមរយៈការទាត់ជើងក្រោមឲ្យបោះបង់ការប្រកួតនៅត្រឹមទឹកទី១ ។
លុះចូលដល់គូទី៦ ប្រកួតក្នុងទម្ងន់ ៦៥គីឡូក្រាម កីឡាករ យ៉េន ឌីណា បានប្រើកណ្តាប់ដៃផ្តួលកីឡាករឡាវ ឧត្តមដេត ហុងប៉ាសឺត ឲ្យអាជ្ញាកណ្តាលបញ្ឈប់នៅត្រឹមទឹកទី១ ។ រីឯគូទី៧ ប្រកួតក្នុងទម្ងន់ ៧៥គីឡូក្រាមរវាងកីឡាករ ធន់ រិទ្ធី និងកីឡាករថៃ វេតសាវ៉ាន់ ផ. ថាវីនវៀត។ គូនេះតស៊ូគ្នាយ៉ាងស្វិតស្វាញអស់ពេញ ៣ទឹកទើបរកឃើញអ្នកឈ្នះគឺបានទៅលើកីឡាករ ធន់ រិទ្ធី និងគូចុងក្រោយទី៨ ហើយក៏ជាឯកប្រចាំកម្មវិធី ជាជំនួបរវាងកីឡាករ ព្រំ សំណាង និងកីឡាករថៃ មឿង សាប់ ដោយគូនេះណាត់គ្នាប្រកួតក្នុងទម្ងន់ ៨១គីឡូក្រាម។ យ៉ាងណាមិញ បន្ទាប់ពីប្រកួតយ៉ាងជក់ចិត្តអស់ពេញ ៣ទឹក ចៅក្រមសម្រេចផ្តល់ជ័យជម្នះដោយពិន្ទុទៅលើកីឡាករ ព្រំ សំណាង ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ ដែលទទួលបានការឧបត្ថមធំដោយក្រុមហ៊ុនហនុមាន និងទទួលបានការសហការផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ត្រូវបានរៀបចំធ្វើឡើងដើម្បីអបអរសាទរដល់ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆកា និងទិវា នៃកំណើតកងយោធពលខេមរភូមិន្ទ ខួបលើកទី៧១ ៕