របាំព្រះ រាជទ្រព្យ គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការ សម្តែងក្នុងអំឡុងស.វទី៣ នៃគ.សករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុមពិណពាទ្យក្នុងសម័យកាល អាណាចក្រនគរភ្នំ ។ ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា" ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម របាំព្រះរាជទ្រព្យ ដែលជារបាំ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា "ស្ដេចរបាំ" ។
របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ ។
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ ។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ គឺជាខួប២១ ឆ្នាំហើយនៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ពោលគឺ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី ៕