រាជធានីភ្នំពេញ ៖
រថយន្តដឹកដែក១គ្រឿងសង្ស័យដឹកធ្ងន់លើសចំណុះ ខណៈពេលកំពុងតែបើកសុខៗ ស្រាប់តែដាច់យ៉ាន់កង់ក្រោយ១គ្រាប់ហើយក៏រេចង្កូត បណ្ដាលឲ្យក្រឡាប់ទៅលើចិញ្ចើមថ្នល់ រងការខូចខាត ប៉ុន្តែពុំបានបណ្ដាលឲ្យមានអ្នកបើកបរឬអ្នកដំណើរណាម្នាក់រងរបួសឡើយ ។
ហេតុការណ៍ខាងលើនោះ បានកើតឡើងវេលាម៉ោង ១២និង៤០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមមហាវិថីស៊ីជីនពីង(ផ្លូវក្រវាត់ក្រុងទី៣) ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកគា ពណ៌ស ១គ្រឿង បើកបរធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ខណៈកំពុងបើកបរសុខៗ ស្រាប់តែដាច់យ៉ាន់កង់ក្រោយ១គ្រាប់ បណ្ដាលឲ្យរេចង្កូត ក្រឡាប់លើចិញ្ចើមផ្លូវរងការខូចខាតតែម្ដង ។ ខណៈនោះសំណាងល្អខ្លាំងណាស់ដោយមិនបានបណ្ដាលឲ្យមានអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ហើយរថយន្តខាងលើនោះមានស្លាកលេខដែរ ប៉ុន្តែក្រោយពេលកើតហេតុត្រូវបានគេយកក្រណាត់បិទបាំងជិត ។ បន្ទាប់មក ម្ចាស់ បានជួលរថយន្តស្ទូចទៅស្ទូចលើកយករថយន្តនោះទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕