ក្នុងឳកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ រៀបចំប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ«ហនុមានគុនខ្មែរ» នៅសាលកីឡាសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងបរិវេណមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទស្តាតចាស់ ដែលកម្មវិធីក្រោមអធិបតីភាព ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នាយទាហាន ពលទាហានតាមបណ្ដាកងឯកភាពក្បែរៗរាជធានីភ្នំពេញ សកលវិទ្យាល័យការពារជាតិ និងមហាជនអ្នកគាំទ្រវិស័យគុនខ្មែរជាច្រើនរូបទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោពលខេមរភូមិន្ទ ជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា សម្រាប់ការប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ«ហនុមានគុនខ្មែរ»នេះ គឺដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ដោយក្រុមប្រឹក្សាកីឡាកងយោធពលខេមភូមិន្ទ សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំកីឡាករគុនខ្មែរដែលស្ថិននៅចំណុះសមាគមក្លិបកងយោធពលខេរភូមិន្ទ ធ្វើការប្រកួតជាមួយក្រុមកីឡាករ របស់សមាគមក្លិបប្រដាល់កងទ័ពប្រជាជនឡាវ ក្លិបប្រដាល់កងទ័ពប្រជាជនវៀតណាម និងក្លិប្រដាល់របស់កងទ័ពភូមិន្ទថៃ ក្នុងគោលបំណងបន្តរិតចំណងមិត្តភាព សាមគ្គីភាព រវាងគ្នានិងគ្នាឲ្យកាន់តែស្អិតរមួតបន្ថែម ក្នុងនាមជាប្រទេសភូមិផងរបងជាប់គ្នា ។
ក្នុងនាមតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានកោដសរសើរដល់គ្រប់ភាគីភាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តការណ៍ប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ«ហនុមានគុនខ្មែរ» ដើម្បីជាការអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ នាពេលនេះ ។ ជាចុងបញ្ចប់នៃពិធីឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង និងឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ក៏បានចូលរួមបំពាក់មេដាយដូនដល់កីឡាករ កីឡាការិនី ម្ចាស់ជ័យលាភីការប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ«ហនុមានគុនខ្មែរ»នេះ ផងដែរ ។