ភ្នំពេញ ៖
យុវជនម្នាក់ បានបែកក្បាលស្លាប់ភ្លាមៗ ចំណែកម្នាក់ទៀត រងរបួសស្រាលបន្ទាប់ពីពួកគេជិះម៉ូតូចេញពីហូបអី ក្នុងល្បឿនលឿន អកហ្សឺជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត បើកបត់ត្រឡប់ក្រោយ ធ្វើឲ្យជនរងគ្រោះម្នាក់ ខ្ទាតចូលក្រោមកង់រថយន្ត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨:៥០នាទីយប់ ថ្ងៃទី០៧ ខែវិច្ចិការ ឆ្នាំ២០២៤ ចំណុចខាងក្រោយផ្សារទំនើបអ៊ីអន៣ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោរ។ សព មានឈ្មោះ ឆេង ដាលីស អាយុ៣២ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅឃុំចំការលើ ខេត្តស្ទឹងត្រែង ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល 1W-7199 ជិះឌុបគ្នាតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងមិនចាំស្លាកលេខ បើកបត់ត្រឡប់ក្រោយនៅពីខាងមុខ ធ្វើឲ្យយុវជនរងគ្រោះអកហ្សឺជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលកង់រថយន្តខាងក្រោយចំហៀងខាងឆ្វេងពេញទំហឹង ធ្វើឱ្យជនរងគ្រោះជាអ្នកឌុបខ្ទាតចូលទៅក្រោមរថយន្ត ។
ពេលនោះដែរ អ្នករួមដំណើរជាមួយ ក៏បានរត់ទៅទាញជនរងគ្រោះចេញពីក្រោមរថយន្តតែអកុសល ដោយរថយន្តបន្តល្បឿនបើកទៅមុខ ក៏កិនពីលើចំក្បាលបែកខួរស្លាប់យ៉ាងអាណោចអាធ័មហើយរថយន្តបន្តល្បឿន បើកគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមករបស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ជើងឯក បណ្ដោះអាសន្ន រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក សមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវនៅពេលក្រោយ ៕