កម្មវិធីប្រកួតសម្រស់បែបវ័យក្មេង Little Miss - Mister Little World 2024 ដែលបានធ្វើឡើងនៅប្រទេសកម្ពុជា បានស្វែងរកឃើញម្ចាស់ជ័យលាភីហើយ ដោយបានទៅកុមារា កុមារី តំណាងឱ្យប្រទេសវៀតណាម។ ជាមួយគ្នានេះ ប្អូនស្រី Bony Jessica ដែលតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធីប្រកួតខាងលើទទួលបានលំដាប់រងទី១ ។
បន្ទាប់ពីទទួលបានលទ្ធផលបែបនេះ ក្រុមគ្រួសារ ក៏ដូចជាគ្រូបង្វឹកផ្សេងទៀត មានការមិនពេញចិត្តនឹងលទ្ធផលរបស់គណៈកម្មការ និងមានការដោះមកុដ ដោះខ្សែឆៀង មិនទទួលយកលទ្ធផលនោះឡើយ ។ យ៉ាងណាមិញ បន្ទាប់ពីមានការចែករំលែកវីដេអូទាក់ទងនឹងសកម្មភាពទាំងនោះនៅលើបណ្តាញសង្គមស្រាប់តែមានមហាជនធ្វើការចែករំលែកជាច្រើន និងបាននិយាយថា ក្នុងនាមជាម្ចាស់ផ្ទះ មិនគួរបង្ហាញកាយវិការមិនសមរម្យបែបនេះទេ ។
ភ្លាមនោះស្រាប់តែលោក អ៊ិន វិចិត្រ ដែលជាអ្នកបញ្ជូនបេក្ខភាពកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលើ បានរៀបរាប់ពីអារម្មណ៍សោកស្តាយ និងខកចិត្តដែលមិនអាចជួយអ្វីបាន។ លោកក៏បានបន្តទៀតថា លទ្ធផលដែលចេញមកនេះ គឺជាការសម្រេចចិត្តរបស់ម្ចាស់កម្មវិធីដែលជាជនជាតិវៀតណាម ។
ហើយជាចុងក្រោយ លោក ក៏បានសំណូមពរឱ្យមហាជនកុំមានការខឹងស្អប់គ្រួសារប្អូនស្រី Jessica ដែលបានបង្ហាញកាយវិការមិនគួរគប្បីទាំងនោះអី ហើយក្នុងនាមជាអ្នកដឹកនាំម្នាក់ លោកក៏មានអារម្មណ៍ថាខុស នៅពេលដែលប្អូនៗដែលស្ថិតនៅក្រោមស្ថាប័នរបស់លោកមិនទទួលបានលទ្ធផលដូចការរំពឹងទុក ៕