កីឡាករអុកចត្រង្គ ហេង សៅឌី មកពីក្រសួងការពារជាតិ ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ លើវិញ្ញាសា ១ទល់១ ៥នាទី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ 

កីឡាករហេង សៅឌី បានឈ្នះកីឡាករ ជី ទីទី ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតអុកចត្រង្គ វិញ្ញាសា ១ទល់១ ៥នាទី ក្នុងប្រតិកម្មកីឡាជាតិលើកទី៤ កាលពីថ្ងៃទី១  ខែវិច្ឆិកា ឆ្នាំ២០២៤ ។ កីឡាករ ហេង សៅឌី បានបង្ហាញចំណាប់អារម្មណ៍ថា មិនមានភាពងាយស្រួលទេក្នុងការឡើងមកវគ្គផ្ដាច់ព្រ័ត្រ ព្រោះបច្ចេកទេសកីឡាករដែលចូលរួម សុទ្ធសឹងតែជាអ្នកមានកម្រិតខ្ពស់។

ម្ចាស់មេដាយមាសរូបនេះ បន្ថែមថា វិញ្ញាសា ៥នាទីនេះ មានថិរវេលាខ្លី សម្រាប់កីឡាករ ក្នុងការ ដើរក្រឡាអុក។ បើទោះជាឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ នេះក៏ដោយ កីឡាកររូបនេះ ហាក់បីដូចជាមានមហិច្ឆតា ចង់ប្រជែងយកមេដាយ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ថែមទៀត។ "ខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀត ព្រោះការប្រកួតស៊ីហ្គេមនៅថៃ កីឡាករមានបច្ចេកទេសខ្លាំងៗច្រើន។ ខ្ញុំមានគោលដៅចង់ដណ្ដើមជ័យលាភីណាមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។ 

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាអុកចត្រង្គ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ បានបញ្ចាប់ផ្ដើម កាលពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។ កីឡាករហេង សៅឌីដណ្ដើមបានមេដាយមាសលើវិញ្ញាសា ១ទល់១ ៥នាទី ។ ខណៈដែល មេដាយប្រាក់ បានទៅលើ កីឡាករ ជី ទីទី  និងមេដាយសំរឹទ្ធិ អេង សេងហៀក ៕