ខេត្តកំពង់ឆ្នាំង ៖

ក្មេងប្រុសម្នាក់ បានបាត់ខ្លួន សង្ស័យកូនចុះលេងក្នុងទឹកជ្រៅ ខណៈឪពុកនាំមកបង់សំណាញ់ជាមួយ  ហើយ ឪពុករវល់តែបង់សំណាញ់ ភ្លេចខ្លួន មិនបានមើលកូន ។ 

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោងប្រមាណ១២និង១៥នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្រះមួយកន្លែងក្រោយរោងចក្រ ស្ថិតក្នុងភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្រោយបាត់ខ្លួនក្មេងប្រុសរងគ្រោះភ្លាមៗ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ និងសាច់ញាតិ បានតាមរុករកអស់រយៈពេល៤ម៉ោង ទើបប្រទះឃើញ តែជាអកុសល ក្មេងប្រុសរងគ្រើ បានលង់ទឹកស្លាប់បាត់ទៅហើយ ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ សេន ម៉ាត់លី ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិឥស្លាម ម្តាយឈ្មោះលាស់ ណាស់ និងឪពុកឈ្មោះ សុះ សេន រស់នៅភូមិឃុំ កើតហេតុខាងលើ ។  មុនកើតហេតុគេ ឃើញឪពុកក្មេងប្រុសរងគ្រោះ មកបង់សំណាញ់នៅចំណុចទីតាំងខាងលើ ហើយ រវល់តែបង់សំណាញ់និងចាប់ត្រី ភ្លេចខ្លួនមួយភ្លេត ក៏បាត់កូនប្រុស ទើបឆោឡោ ដល់អ្នកភូមិនិងសាច់ញាតិ តាមស្វែងរកក្នុងទឹកស្រះ ក៏ប្រទះឃើញសពជនរងគ្រោះ ។ 

ក្រោយកើតហេតុសមត្ថកិច្ច ចុះពិនិត្យនិងបញ្ជាក់ថាក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និង បានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណីសាសនា ៕