ខេត្តកំពង់ស្ពឺ ៖

យោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ស្តីពីការអនុញ្ញាតចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ ។

លោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានឱ្យដឹងថា÷ ស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកគងពិសី និងផ្សារប៉ាង្គសី ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គិតត្រឹមវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានភាពទឹកលិច បានស្រកចុះផុតពីតួផ្លូវជាស្ថាពរ ។ 

អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង ១៣:០០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤  នេះតទៅ ។

សូមរំលឹកផងដែរថា អាជ្ញាធរស្រុកគងពិសី និងមន្ទីរជំនាញធនធានទឹក និងឧតុនិយម និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានបង្ខំចិត្តសម្រេចកាយបើកមុខទឹក ៣កន្លែង ដើម្បីពន្លឿនចរន្តទឹកហូរចេញពីផ្លូវជាតិលេខ៣ ដែលគិតមកទល់ម៉ោងនេះទឹកបានស្រកចុះវិញហើយ ៕